អគ្គលេខាធិការ៖ អាស៊ានជាកម្លាំងចលករក្នុងការរក្សាស្ថិរភាពក្នុងតំបន់
N
Nary Vann
•
11 តុលា 2024 05:30 PM

រដ្ឋធានី​វៀងចន្ទន៍៖ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន បាននិយាយថា អាស៊ាននៅតែជាកម្លាំងចលករ ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ បើទោះបីជាមិនមានការរីកចម្រើនលើបញ្ហាសំខាន់ៗដូចជា សង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា និងការព្រាងក្រមសីលធម៌សម្រាប់សមុទ្ទចិនខាងត្បូងក៏ដោយ។

មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងជួបប្រជុំនៅប្រទេសឡាវក្នុងសប្តាហ៍នេះ ជាមួយប្រមុខរាជ/រដ្ឋាភិបាល និងអ្នកការទូតកំពូលមកពីដៃគូនានារួមមាន​៖ សហរដ្ឋអាម៉េរិក ចិន ជប៉ុន និងរុស្ស៊ី។ ប្លុកនេះមានប្រជាជនជាង៦៨៥លាននាក់ និងតំណាងឱ្យប្រហែល៨ភាគរយនៃការនាំចេញសកល។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន អតីត​អ្នកការទូត​កម្ពុជា​​ បាន​ប្រាប់​ទីភ្នាក់ងារសារព៏ត៌មានរ៉យទ័រ​ក្នុង​បទសម្ភាស​ថា​៖«​អាស៊ាន​គឺជា​កម្លាំង​ស្ថិរភាព​»​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖«​យើង​ប្រឈមមុខនឹង​បញ្ហា​នានាដោយផ្ទាល់។ ​បញ្ហាត្រូវបានសង្កត់ធ្ងន់ជាញឹកញាប់ ប៉ុន្តែតាមគំនិតរបស់ខ្ញុំ អាស៊ានបានរីកចម្រើនយ៉ាងខ្លាំងហើយ»។ លោកបានលើកឡើងថា ជាឧទាហរណ៍ ដោយសេដ្ឋកិច្ចរបស់រដ្ឋជាសមាជិកកាន់តែមានសមាហរណកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូខាងបរទេសជាច្រើន អាស៊ានបានទាក់ទាញការវិនិយោគថ្មីចំនួន២៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដោយសារតែភាពជឿជាក់នៅក្នុងតំបន់។

លោក កៅ គឹមហួន
លោក កៅ គឹមហួន

ផែនការសន្តិភាព៥ចំណុចរបស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា មានការរីកចម្រើនតិចតួច ប៉ុន្តែ លោក កៅ គឹមហួន នៅតែប្រកាន់ជំហរថា ប្លុកនេះនឹងនៅតែចូលរួមជាមួយប្រទេសដែលរងគ្រោះដោយជម្លោះរ៉ាំវៃនេះ។ លោកមានប្រសាសន៍ថា៖«យើង​ត្រូវ​ការ​ពេល​វេលា និង​ការ​អត់ធ្មត់។ វិបត្តិ​មីយ៉ាន់ម៉ា​ គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​ដែល​យើង​មិន​គួរ​រំពឹង​ថា ​នឹង​មាន​ការ​ដោះស្រាយ​ភ្លាមៗ​នោះ​ទេ»។ ជម្លោះ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​កើន​ឡើង​ដោយ​មាន​ការ​ពង្រីក​ការ​តស៊ូ​ប្រដាប់​អាវុធ​ ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា ហើយ​មនុស្ស​ប្រមាណ១៨,៦លាន​នាក់​ត្រូវ​ការ​ជំនួយ​មនុស្សធម៌។ លោកបានកត់សម្គាល់ថា អាស៊ាននឹងបន្តជំរុញឱ្យមានកិច្ចសន្ទនានយោបាយរួមក្នុងចំណោមភាគីជម្លោះទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីជាមេដឹកនាំបង្កើនជំនួយមនុស្សធម៌ក៏ដោយ។ ប្រទេសថៃ បានស្នើសុំធ្វើជាម្ចាស់ផ្ទះការពិគ្រោះយោបល់ក្រៅផ្លូវការមួយ ស្តីពីមីយ៉ាន់ម៉ា ក្នុងខែធ្នូក្នុងចំណោមសមាជិកអាស៊ាន។

កង្វល់ធំមួយទៀតសម្រាប់អាស៊ាន គឺភាពតានតឹងនៅសមុទ្ទចិនខាងត្បូង ជាការប្រឈមមុខដាក់គ្នានៅតែបន្តរវាងចិន និងហ្វីលីពីន និងវៀតណាម។ ការចរចាបានអូសបន្លាយរបស់អាស៊ាន ជាមួយរដ្ឋធានីប៉េកាំង ឆ្ពោះទៅរកការបង្កើតក្រមសីលធម៌សម្រាប់ផ្លូវទឹកដ៏សំខាន់ បានដំណើរការតាំងពីឆ្នាំ២០១៧។ ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនៃសមុទ្ទចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្មចំនួន៣ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងបានដាក់ពង្រាយទាហានឆ្មាំឆ្នេរសមុទ្ទនៅក្នុងតំបន់ប្រទាញប្រទង់ជាមួយសមាជិកអាស៊ាន ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។ ជុំវិញបញ្ហានេះ លោក កៅ គឹមហួន លើកឡើងថា៖«​រហូត​មក​ដល់​ពេល​នេះ​ ការ​ចរចា​បន្ត​មិន​ស្ថិតស្ថេរ​ទេ តែវាក៏មិន​នៅ​ត្រឹងដែរ ហើយ​អ្វីៗ​នៅ​តែ​ដំណើរការ​ទៅ​មុខ។ ប៉ុន្តែ..ចំណុចដែលល្អនោះ គឺថា[..]ដរាបណានៅតែមានការសន្ទនា និងសកម្មភាពការទូត ខ្ញុំគិតថា មានសង្ឃឹមច្រើនសម្រាប់បញ្ហានេះ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត