មេដឹកនាំជប៉ុនថ្មីជួបសមភាគីកូរ៉េខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ
N
Nary Vann
•
11 តុលា 2024 06:30 PM

រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ីហ្កេរូ អ៊ីស៊ីបា បានបើកកិច្ចប្រជុំកំពូលលើកដំបូងគេ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ ខណៈដែលប្រទេសជិតខាងទាំងពីរស្វែងរកការពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

លោក ស៊ីហ្កេរូ អ៊ីស៊ីបា (ឆ្វេង) និងលោក យូន ស៊ុកយុល
លោក ស៊ីហ្កេរូ អ៊ីស៊ីបា (ឆ្វេង) និងលោក យូន ស៊ុកយុល

ការិយាល័យរបស់លោក យូន បានឱ្យដឹងថា កិច្ចប្រជុំជាលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីលោក អ៊ីស៊ីបា ចូលកាន់តំណែងកាលពីថ្ងៃទី១ ខែតុលា ធ្វើឡើងនៅខាងក្រៅសន្និសីទនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ។ រដ្ឋធានីសេអ៊ូល កំពុងស្វែងរកការបន្តពង្រឹងទំនាក់ទំនងជាមួយជប៉ុនក្រោមការដឹកនាំរបស់មេដឹកនាំថ្មី ដោយកសាងលើវឌ្ឍនភាពដែលត្រូវបានបង្កើតឡើងដោយលោក យូន និងអ្នកកាន់តំណែងមុនរបស់លោក អ៊ីស៊ីបា គឺលោក ហ្វូមីអូ គីស៊ីដា។ លោក យូន បានប្រាប់លោក អ៊ីស៊ីបា ថា៖«ខ្ញុំសង្ឃឹមថា យើងនឹងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងកូរ៉េ-ជប៉ុន តាមរយៈការទំនាក់ទំនងយ៉ាងសកម្ម និងជិតស្និទ្ធ»។ លោក អ៊ីស៊ីបា បានលើកឡើងថា ទំនាក់ទំនងមានភាពប្រសើរឡើងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរនៅក្រោមលោក គីស៊ីដា និងលោក យូន ហើយថា លោកចង់បន្តអភិវឌ្ឍទំនាក់ទំនងបន្ថែមទៀត នេះបើយោងតាមការិយាល័យរបស់លោក យូន។

មេដឹកនាំទាំងពីរបានសន្យាថា នឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងនៅឆ្នាំ២០២៥ ដែលនឹងក្លាយជាខួបលើកទី៦០ នៃការធ្វើឱ្យទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ នៅក្នុងការសន្ទនាតាមទូរសព្ទកាលពីសប្តាហ៍មុន លោក យូន និងលោក អ៊ីស៊ីបា បានយល់ព្រមបង្កើតការឆ្លើយតបរួមគ្នា ជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ លោក អ៊ីស៊ីបា គឺជាអតីតរដ្ឋមន្ត្រីការពារជាតិ ហើយក្នុងនាមជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកបានសន្យាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីទប់ទល់នឹងអ្វីដែលលោកចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរដែលប្រទេសរបស់លោក បានជួបប្រទះចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

លោក យូន បានជំរុញឱ្យកែសម្រួលទំនាក់ទំនងជាមួយរាជធានីតូក្យូ និងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដែលពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោន ជាអាទិភាពការទូតកំពូល ដោយផ្លាស់ប្ដូរភាពច្របូកច្របល់ជាប្រវត្តិសាស្ត្រជាច្រើនឆ្នាំកន្លងមក ដែលកើតចេញពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន ឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត