នាយករដ្ឋមន្រ្តីថៃប្រកាសថា អាចទៅស៊ីញេកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លុះត្រាអាម៉េរិក «ប្តូរម៉ោង»
ហៀប ស៊ីថេត
•
25 តុលា 2025 10:45 AM

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល លុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែលោកគ្រោងចាត់តាំងរដ្ឋមន្រ្តីការបរទេសឱ្យទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជំនួសវិញ ក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។ លោក អានុទីន មិនទៅចូលរួមកិច្ចប្រជុំអាស៊ាន ព្រោះលោកជាប់ដៃដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីរៀបចំព្រះរាជពិធីបុណ្យ និងកាន់ទុក្ខចំពោះព្រះមហាក្សត្រី សិរីគីត ដែលទើបសោយទិវង្គត់កាលពីថ្ងៃយប់ថ្ងៃទី២៤ ខែតុលា។

 លោក អានុទីន ឆានវីរគុល
លោក អានុទីន ឆានវីរគុល

ប្រភពពីវិមានរាជរដ្ឋាភិបាលថៃបានបង្ហើបថា តាមពិតទៅ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី អានុទីន នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃ២៦តុលា ស្របពេលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិកជាអ្នកចូលរួមធ្វើសាក្សី និងសង្កេតការណ៍ទៀតផង។ ប៉ុន្តែ លោក អានុទីន ចង់ប្តូរពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ពោលគឺ ដូរពេលរសៀលថ្ងៃ២៦តុលា មកទៅធ្វើនៅពេលព្រឹកវិញ ក្នុងថ្ងៃ២៦តុលាដដែល។ បើអាម៉េរិកមិនអាចកែសម្រួលបានទេ លោក អានុទីន នឹងខកខាន ហើយលោក នឹងប្រគល់ភារកិច្ចនេះ ទៅឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីចុះហត្ថលេខាជំនួសលោកវិញ (បើតាម The Nation)។

ដោយយកលេស ម្ចាស់ក្សត្រីថៃយាងចូលទិវង្គត លោក អានុទីន ឆានវីរគុល បានលុបចោលគម្រោងដែលត្រូវចេញដំណើរទៅម៉ាឡេស៊ី ក្នុងថ្ងៃ២៥តុលានេះ ហើយលោកងាកមកដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំព្រះរាជពិធីបុណ្យព្រះរាជសពម្ចាស់ក្សត្រី៕ 

ព្រះមហាក្សត្រី សិរីគីត
ព្រះមហាក្សត្រី សិរីគីត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត