
រាជធានីភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី។ ពិធីបើកកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសនិយាយបារាំងនេះ រៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា សូមសម្ដែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូមកពីគ្រប់តំបន់ទាំងអស់ ចាប់ពីទ្វីបអឺរ៉ុបរហូតដល់ទ្វីបអាម៉េរិក និងតំបន់ការ៉ាអ៊ីប ពីមជ្ឈិមបូព៌ា រហូតដល់មហាសមុទ្ទឥណ្ឌា និងពីទ្វីបអាស៊ីរហូតដល់តំបន់ប៉ាស៊ីហ្វិក។ ជាពិសេស ចំពោះគណៈប្រតិភូមកពីទ្វីបអាហ្វ្រិក ដែលបានរួមចំណែកយ៉ាងច្រើន ក្នុងការបន្ថែមភាពរស់រវើកដល់ហ្វ្រង់កូហ្វូនី។ សូមឱ្យកិច្ចប្រជុំនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលកំពុងរៀបចំលើកដំបូងនៅកម្ពុជា ក្លាយជាការជួបប្រសព្វគ្នារវាងភាសាមួយ ដែលមាននៅគ្រប់ទីកន្លែងនៅលើពិភពលោក ជាមួយប្រជាជាតិមួយ ដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន ប៉ុន្ដែមិនដែលបោះបង់ចោលវប្បធម៌ ជំនឿសាសនា និងតម្លៃ ដ៏វិសេសវិសាល ដែលខ្លួនស្រឡាញ់បំផុត។ នៅក្នុងស្នូលនៃតម្លៃទាំងនេះ រួមមាន សេចក្តីមេត្តា ករុណា ការគោរពចំពោះអ្នកដទៃ និងការអត់ឱន។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានជ្រើសរើសដាក់កិច្ចប្រជុំកំពូលនេះ ក្រោមប្រធានបទនៃការប្តេជ្ញាចិត្តដ៏សំខាន់មួយ គឺការរួមគ្នាបន្តកសាងសន្តិភាព។ កម្ពុជាដឹងច្បាស់អំពីតម្លៃដែលត្រូវខាតបង់ នៅពេលបាត់បង់សន្តិភាព និងដឹងថា ផ្លូវឆ្ពោះទៅរកការកសាងសន្តិភាពឡើងវិញ មានរយៈពេលយូរប៉ុណ្ណា។ ប្រវត្តិសាស្ត្ររបស់យើង បានបង្រៀនថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាព។ ការរួមគ្នាបន្តកសាងសន្តិភាព មានន័យថា ការផ្ដល់ជូនមនុស្សជំនាន់ក្រោយនូវអ្វីដែលប្រជាជន បច្ចុប្បន្នមិនមានយូរមកហើយ។ នោះគឺជាអត្ថន័យនៃការរស់ឡើងវិញរបស់ជាតិយើង។ សូមឱ្យកិច្ចពិភាក្សា និងការបំពេញការងាររបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទទួលបានជោគជ័យពេញលេញដោយ សង្ឃឹមថា កិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញនេះ នឹងបន្សល់ទុកនូវស្នាមប្រវត្តិសាស្ត្រដ៏យូរអង្វែង នៅក្នុងប្រវត្តិសាស្ត្រនៃគ្រួសារហ្វ្រង់កូហ្វូនី។

គួរជ្រាបថា អង្គការហ្វ្រង់កូហ្វូនី បានចាប់កំណើតឡើងនៅលើទឹកដីអាហ្វ្រិក ក្នុងទីក្រុងនីអាមេ នៅឆ្នាំ១៩៧០។ ការចាប់កំណើតនេះ កើតចេញពីសហស្ថាបនិកចំនួន៤រូប រួមមាន៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, លោក លេអូប៉ូល សេដារ សេងហ្គ័រ នៃប្រទេសសេណេហ្គាល់, លោក ហាប៊ីប បួរគីបា នៃប្រទេសទុយនីស៊ី និងលោក ហាម៉ានី ឌីអូវី នៃប្រទេសនីហ្សេ៕



