ប្រធានាធិបតីបារាំង ប្រកាសចេញពីទឹកដីកម្ពុជាអាចឮដល់ថៃ៖ ជំហរអង្គការហ្វ្រង់កូហ្វូនី គឺប្រើច្បាប់ ជាជាងប្រើកម្លាំង
Mao Sopha
•
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ តាមរយៈសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មានពាក្យមួយឃ្លា ដែលបង្ហាញពីជំហរអង្គការហ្វ្រង់កូហ្វូនី (Francophonie) ឬអង្គការនៃប្រជាជាតិប្រើភាសាបារាំង។

លោក ម៉ាក្រុង
លោក ម៉ាក្រុង

អ្នកជំនាញ បានបកប្រែការថ្លែងរបស់លោក ម៉ាក្រុង ពីភាសាបារាំង មកជាភាសាខ្មែរយ៉ាងដូច្នេះថា៖«គោលជំហររបស់យើង គឺសន្ទនា ពង្រឹងសមត្ថភាព ធ្វើឱ្យពលរដ្ឋខិតជិតគ្នា និយាយ ចរចា ប្រើពាក្យពេចន៍ និង​ច្បាប់ ជាជាងប្រើកម្លាំង»។ បើតាមអ្នកបកប្រែដដែល លោកប្រធានាធិបតីបារាំង សង្កត់ធ្ងន់បែបនេះថា៖«កិច្ចប្រជុំកំពូលនេះ ជាឱកាស ដើម្បីបញ្ជាក់ពីចេនានយោបាយរបស់យើង ដែលឈានទៅធ្វើសកម្មភាពជាក់ស្តែង ដោយគោរពតាមច្បាប់អង្គការសហប្រជាជាតិ»។ 

ព្រះមហាក្សត្រកម្ពុជា មេដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំប្រទេស ថតរូបជុំគ្នា។
ព្រះមហាក្សត្រកម្ពុជា មេដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំប្រទេស ថតរូបជុំគ្នា។

ថៃ បានចាត់តាំងមន្រ្តីខ្លួនឱ្យមកធ្វើជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់ និងកងទ័ពថៃ ទាមទារព្រមៗគ្នា មិនឱ្យកម្ពុជា លើកយកជម្លោះរវាងប្រទេសទាំងពីរ មកនិយាយក្នុងកិច្ចប្រជុំដ៏ធំ ដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំមកពីជុំវិញពិភលោកនេះទេ។ ទោះយ៉ាងណា ការទាមទារក្នុងន័យបែបព្រមាន និងបង្គាប់បញ្ជារបស់ថៃ មិនអាចមានឥទ្ធិពល លើកម្ពុជាឡើយ។

តំណាងថៃ
តំណាងថៃ

ក្នុងពិធីបើកកិច្ចប្រជុំ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរំលេចឱ្យឃើញពីកម្ពុជា រងសង្គ្រាម២ដងជាប់ៗគ្នា [ពីខាងថៃ] ក្នុងអំឡុងឆ្នាំ២០២៥។ មេដឹកនាំកម្ពុជា បើកបង្ហាញថា សង្គ្រាមនេះ មិនមែនកម្ពុជាចាប់ផ្តើមមុននោះទេ។ សូមជម្រាបថា មកដល់ពេលនេះ កងទ័ពថៃ នៅបន្តកាន់កាប់តំបន់នានារបស់កម្ពុជា ទាំងខុសច្បាប់ និងបន្តធ្វើសកម្មភាពរំលោភបំពានផ្សេងៗជាហូរហែនៅតាមព្រំដែន។ ត្រឡប់មកមើលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីវិញ! កិច្ចប្រជុំមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់កម្ពុជា មួយនេះ មានថ្នាក់ដឹកនាំ និងតំណាងជិត៩០ប្រទេសមកចូលរួម។ កិច្ចប្រជុំដ៏ពិសេសនេះ មានរយៈពេល២ថ្ងៃជាប់គ្នា គឺពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៦វិច្ឆិកា។ ក្នុងពិធីបើកខាងលើ ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងធ្វើជាព្រះរាជាធិបតី។

សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត

តាមរយៈព្រះរាជសុន្ទរកថា ព្រះមហាបពិត្រ ទ្រង់ក៏មានព្រះរាជបន្ទូលអំពីសន្តិភាពផងដែរ។ «ប្រជាជនរបស់យើង បានយល់ច្បាស់ថា សន្តិភាពមានតម្លៃថ្លៃថ្លាប៉ុនណា ហើយការរក្សាសន្តិភាពទាមទារឱ្យមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់កម្រិតណា។ យើង មានបំណងបន្សល់ទុកសន្តិភាពដ៏យូរអង្វែង សម្រាប់មនុស្សជំនាន់ក្រោយ»។ នេះជាព្រះរាជឱង្ការរបស់ព្រះចៅក្រុងកម្ពុជាធិបតី ទៅកាន់ថ្នាក់ដឹកនាំបរទេស។ ក្នុងជម្លោះជាមួយថៃ រយៈពេល២ឆ្នាំមកនេះ។ គេតែងឮខាងកម្ពុជា ប្រកាសជំហរប្រកាន់ភ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ កិច្ចចរចា និងសន្តិវិធី ក្នុងការដោះស្រាយ ខណៈថៃពេញចិត្តនឹងប្រើកម្លាំងបាយមិនព្រមកែ៕   

ព្រះមហាក្សត្រកម្ពុជា
ព្រះមហាក្សត្រកម្ពុជា
ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ថៃដាក់បន្លាលួស និងទូកុងតឹន័រចូលក្នុងដីកម្ពុជា។ 
ថៃដាក់បន្លាលួស និងទូកុងតឹន័រចូលក្នុងដីកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត