កម្ពុជា-វៀតណាម ចុះហត្ថលេខាលើផែនការពង្រឹងសន្តិសុខ ស្ថិរភាព សម្រាប់ប្រទេសទាំងពីរ
S
Soriya Sou
•
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបើកកិច្ចប្រជុំរួមគ្នា វាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៦ និងដាក់ចេញផែនការថ្មី។ 

ក្រោយកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង ក៏បានអញ្ជើញចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៧ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវិបុលភាពរួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង ក៏បានសម្ដែងក្ដីរីករាយចំពោះប្រសិទ្ធភាពការងាររបស់ក្រសួងទាំងពីរក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងបានចូលរួមអបអរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកំពុងទទួលរៀបចំជាម្ចាស់ផ្ទះយ៉ាងមហោឡារិក និងប្រកបដោយកិត្តិយស កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ដែលក៏មានការអញ្ជើញចូលរួមពីប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ រួមទាំងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នារយៈពេលជាង១០ខែមកនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ពិសេស លើវិស័យសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាពីរបៀបវារៈនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សភាពការណ៍តំបន់ និងពិភពលោក ជាពិសេស បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួមទាំងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន ស្រាវជ្រាវ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត