
ខេត្តរោងដំរី៖ ក្រសួងពាណិជ្ជ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រទេសកម្ពុជា-វៀតណាម បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ធ្វើកិច្ចសហប្រតិបត្តិការជំរុញគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ…។

អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងរវាងតំណាងក្រុមហ៊ុន KC MARKET GROUP របស់កម្ពុជា និងតំណាងក្រុមហ៊ុន MEKONG TÂY NINH GROUP របស់វៀតណាម ក្រោមការសម្របសម្រួលដោយលោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងបង្កើនឱកាសសម្រាប់ការតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ផលិតផលរបស់ប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្គត់ផ្គង់ផលិតផលពីវៀតណាម ចូលទីផ្សារកម្ពុជា និងការនាំចេញកសិផល និងផលិតផលមានសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិផ្សេងទៀត។

ក្នុងនោះ ថ្នាក់ដឹកនាំ និងពាណិជ្ជករកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នា អំពីការសម្របសម្រួលឯកសារ និងនីតិវិធីនាំចូល-នាំចេញ ការអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងស្ដង់ដារគុណភាព ព្រមទាំងការរៀបចំយន្តការធានាការទូទាត់រវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ភាគីទាំងពី ក៏បានលើកឡើងពីលទ្ធភាពប្រើប្រាស់លិខិតឥណទាន (Letter of Credit – L/C) តាមរយៈធនាគារ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តក្នុងប្រតិបត្តិការទិញ-លក់ទំនិញ។ លើសពីនេះ ភាគីទាំងពីរ បានពិភាក្សាពីលទ្ធភាពអនុវត្តយន្តការបង់កម្រៃតាមភាគរយនៃការលក់ ឬលទ្ធផលអាជីវកម្ម ដោយកាត់បន្ថយការចំណាយដំបូងរបស់ពាណិជ្ជករ សំដៅលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមចូលរួមដាក់តាំងបង្ហាញ និងលក់ផលិតផលនៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលគ្រោងបង្កើតនៅរាជធានីភ្នំពេញ៕





