
ទីក្រុងព្រៃនគរ៖ កាលពីថ្ងៃទី១៥តុលា ឆ្នាំ២០២៦ ក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានរួមគ្នារៀបចំសន្និសីទប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងគ្រឿងញៀន រវាងប្រទេសក្បែរខាងទាំង២ សម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ចំពេលបទល្មើសឆ្លងដែន កាន់តែមានល្បិចកលស្មុគស្មាញ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត VIETNAM.VN...។

អង្គសន្និសីទ ត្រូវបានដឹកនាំរួមដោយ លោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង (Nguyen Van Long) អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងកងការពារព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំង២។ ភាគីទាំង២ បានកត់សម្គាល់ថា ស្ថានការណ៍តំបន់ និងពិភពលោកកំពុងជួបប្រទះបម្រែបម្រួលនៃជម្លោះប្រដាប់អាវុធ ព្រមទាំងវិបត្តិសេដ្ឋកិច្ច ដែលបង្កើតជាហានិភ័យសន្តិសុខ មិនមែនប្រពៃណីជាច្រើន។ កងកម្លាំងនគរបាលនៃប្រទេសទាំង២ ក៏បានផ្លាស់ប្ដូរព័ត៌មានយ៉ាងទាន់ពេលវេលា ធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍នយោបាយសំខាន់ៗ ព្រមទាំងបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសគ្រឿងញៀនជាច្រើនករណី ដោយបានចាប់ខ្លួនជនល្មើសរាប់រយនាក់ និងជួយសង្គ្រោះជនរងគ្រោះបានរាប់ពាន់នាក់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំង២ ក៏បានចុះហត្ថលេខាលើកំណត់ហេតុសន្និសីទ ដើម្បីប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរគ្រឿងញៀន សកម្មភាពរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងការធ្វើពលកម្មដោយបង្ខំជាដើម។ស្រដៀងគ្នានេះដែរ យោងតាមគេហទំព័រហ្វេសប៊ុកនៃអគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៥តុលា បញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ ស ថេត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀន រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដោយមានលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជាសហប្រធាន។

ភាគីទាំង២ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ព្រហ្មទណ្ឌ ការជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសសេដ្ឋកិច្ច និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួម ការតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ និងការជួយសង្គ្រោះជនរងគ្រោះ។ ទន្ទឹមនេះ ភាគីទាំង២ ក៏បានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងកាន់តែស្មុគស្មាញនៃបទល្មើសឆ្លងដែន សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំង២។ ភាគីកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះ នៅឆ្នាំ២០២៧ខាងមុខ៕





