
ក្រុងតាខ្មៅ៖ មេដឹកនាំកម្ពុជា-វៀតណាម បានប្រកាសដាក់ដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ-ជ្រៃធំ រវាងប្រទេសក្បែខាងទាំងពីរ...។

ពិធីបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ-ជ្រៃធំ ត្រូវបានរៀបចំឡើងដោយភាគីកម្ពុជា-វៀតណាម កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង លោក ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តមាត់ជ្រូក(ដែនដីកម្ពុជាក្រោម) ឬវៀតណាមហៅអានយ៉ាង (An Giang) និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ ការដំឡើងកម្រិត និងបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលស្តែងឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។

ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ-ជ្រៃធំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ។ វានឹងជួយបង្កើនទំហំនាំចេញ-នាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តមាត់ជ្រូក ក៏ដូចជាជំរុញការធ្វើលំហូពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាន់តែមានភាពរហ័សទាន់ចិត្ត។ ច្រកទ្វារនេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយសន្តិភាព និងសេដ្ឋកិច្ចរីកចម្រើន៕






