
រាជធានីភ្នំពេញ៖ វៀតណាម នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពខ្លួន និងកងទ័ពកម្ពុជា ឱ្យកាន់តែរីកចម្រើន ដើម្បីរួមចំណែករក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត អនុប្រធានស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី១៩តុលា…។

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត មានប្រសាសន៍ថ្លែងអរគុណយ៉ាងខ្លាំង ចំពោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន សម្រាប់ការស្វាគមន៍ និងកិច្ចពិភាក្សាការងារដ៏មានអត្ថន័យ។ ជុំវិញកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំងពីរ ទោះបីពេលនេះ កំពុងរីកចម្រើនទៅមុខជាលំដាប់ ប៉ុន្តែអនុប្រធានស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អះអាងថា លោកនឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រកាសស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីវៀតណាម ដែលបានជួយគាំទ្រកម្ពុជាកន្លងមក។ ក្នុងនោះ វិស័យការពារជាតិ វៀតណាមបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ លើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរព័ត៌មាន ការបង្ក្រាបបទល្មើសឆ្លងដែន ការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការពាក់ព័ន្ធនឹងព្រំដែន។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានឆ្លៀតឱកាស ជម្រាបជូនគណៈប្រតិភូវៀតណាម ពីស្ថានភាពជាក់ស្ដែងតាមព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណ ចំពោះវៀតណាមដែលគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី។ លោកក៏ស្នើឱ្យវៀតណាម បន្តជួយគាំទ្របេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញ៕



