
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ចំៗថា កម្ពុជា រងសង្គ្រាមឈ្លានពាន២ដងជាប់ៗគ្នាពីសំណាក់ប្រទេសថៃ ហើយកម្ពុជាពុំបានផ្តើមឱ្យមានសង្គ្រាមនេះ កើតឡើងមុនឡើយ...។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា កម្ពុជាតែងលើកយកសន្តិភាព ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម កម្ពុជាដឹងយ៉ាងច្បាស់ ថា សង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយ សន្តិភាព នាំមកនូវគុណតម្លៃអ្វីខ្លះ។ ដោយមើលឃើញពីគុណវឌ្ឍិនៃសន្តិភាពនេះហើយ ទើបបានជាកម្ពុជាបញ្ជូនកងទ័ព ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនកម្ពុជា ខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួច ជូនប្រជាពលរដ្ឋវិញ។ ចាប់តាំងពីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាព រយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។ ប៉ុន្តែនៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយប្រដាប់អាវុធ បានកើតឡើងចំនួន២លើក រវាងកងទ័ពកម្ពុជា និងថៃ ដែលក្នុងនោះ កម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុនឡើយ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា មានមនុស្សបានបាត់បង់ជីវិត ក្រុមគ្រួសារជាច្រើន ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីសង្គ្រាម ដែលព្រឹត្តិការណ៍នេះ បានរំឭកយើងឡើងវិញថា៖«សន្តិភាព មិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះដែរ»។ បទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត ប៉ុន្តែវាស្ថិតក្នុងភាពផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់ នៅតែប្រឈមមុខដាក់គ្នា ទន្ទឹមនឹងដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់យោធាថៃ។ ពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញ ដោយសុវត្ថិភាព និងដោយសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។ ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ យើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួន នូវរាល់កិច្ចព្រម-ព្រៀងជាធរមានទាំងអស់ រវាងកម្ពុជា និងថៃ។

សម្តេចធិបតីសង្កត់ធ្ងន់ថា៖«កម្ពុជាស្នើឱ្យមានការចាប់ផ្តើមឡើងវិញ នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក»។ ព្រំដែនកម្ពុជា-ថៃ ពុំមែនជាព្រំដែនថ្មីទេ វា..ជា[ព្រំដែនអន្តរជាតិ] ដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយ តាំងពីជាងមួយសតវត្សរ៍មុនមកម៉្លេះ។ ដូច្នេះ នេះគឺជាខ្សែបន្ទាត់ព្រំដែន ដែលភាគីទាំងអស់ ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។ ចំណែកនៅតំបន់សមុទ្ទកម្ពុជា-ថៃ វិញ កម្ពុជាបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ។ ប្រទេសថៃ បានចូលរួមក្នុងនីតិវិធីនេះ ដែលជាសញ្ញាដ៏មានក្ដីសង្ឃឹមមួយ។ យ៉ាងណា «កម្ពុជា..មានឆន្ទៈច្បាស់លាស់ គឺយើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារ និងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នា បន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

នៅចំពោះមុខ លោកប្រធានាធិបតិបារាំង អេម៉ានុអែល ម៉ាក្រុង និងឥស្សរជនជាន់ខ្ពស់កំពូលៗ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ សម្ដេចធិបតី មានប្រសាសន៍យ៉ាងច្បាស់លាស់ថា៖«គោលការណ៍នេះ គឺជាបញ្ហាពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល! គ្មានព្រំដែនណាមួយ ត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថា រដ្ឋតូច ឬធំឡើយ។ ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំនឹងសង្រ្គាម។ ការការពារ គឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាព ត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្តិភាព..គឺជាការបង្កើតឱ្យមានទំនុកចិត្ត! ហើយទំនុកចិត្ត បានទាក់ទាញការវិនិយោគ។ រីឯ វិបុលភាពរួម គឺជាកត្តាការពារសន្តិភាព»។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានលើកឡើងផងដែរ អំពីដាន ប្រវត្តិសាស្ត្រ ដែលបានបង្រៀនកម្ពុជានូវមេរៀនដ៏មានតម្លៃមួយ នោះគឺ..នៅពេលដែលកម្លាំងយោធាមានឥទ្ធិពលលើសលុប យើងត្រូវតែជ្រើសរើសយកផ្លូវច្បាប់ធ្វើជាដំណោះស្រាយ ខណៈការមិនទុកចិត្តគ្នាដែលមានការកើនឡើង យើងក៏ត្រូវតែជ្រើសរើសយកកិច្ចសន្ទនា មកប្រើប្រាស់ដូចគ្នា។ សម្តេចបញ្ជាក់ថា៖«នេះមិនមែនជាភាពឆោតល្ងង់ទេ! ទោះបីកម្លាំងយោធាអាចបង្ខំឱ្យស្ថានភាពស្ងប់ស្ងាត់ បានមួយគ្រា ប៉ុន្តែកម្លាំងយោធា មិនអាចកសាងសន្តិភាពបានយូរអង្វែងឡើយ។ ជំនឿចិត្តដ៏មុតមាំ ដែលគ្មានសកម្មភាពជាក់ស្តែង គឺគ្រាន់តែជាពាក្យសម្ដីមួយឃ្លា ដែលបានត្រឹមតែនិយាយប៉ុណ្ណោះ។ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព គឺជាអ្វីដែលរាជរដ្ឋាភិបាលក្រុងភ្នំពេញ បាននិងកំពុងស្នើទៅកាន់មហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូល។»

សូមជម្រាបផងដែរថា ក្នុងពិធីថ្លែងសន្ទរកថា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងភាគីថៃ ដែលបានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ក៏បានចាប់ផ្តើមចូលមកអង្គុយស្ដាប់ និងកត់ត្រាកំណត់ហេតុផ្សេងៗ អំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦វិច្ឆិកានេះដែរ។ ទន្ទឹមគ្នា មេដឹកនាំរាជរដ្ឋាភិបាលថៃ នៅឯរាជធានីបាងកក និងបណ្តាមេដឹកនាំយោធាមួយចំនួន កំពុងនាំគ្នាស្លន់ស្លោ និងមានការបារម្ភអំពីការលើកឡើងរបស់មេដឹកនាំកម្ពុជា ប្រាប់ទៅមេដឹកនាំពិភពលោក ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជុំវិញសំណុំរឿងឈ្លានពានរបស់ខ្លួន លើដែនអធិបតេយ្យកម្ពុជា ថាអាចខុសពីការពិត ទាំងដែលបច្ចុប្បន្ន យោធាថៃខ្លួនឯងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាក់ស្តែងរួចទៅហើយ នៅតាមទីតាំងដែលជនភៀសសឹកខ្មែរធ្លាប់រស់នៅ និងតំបន់ព្រំដែនដទៃទៀត៕




