
រដ្ឋធានីយ៉េរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្លែងកាលពីថ្ងៃសៅរ៍ ថា ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ចោល«ឱ្យអស់ជាស្ថាពរ» ហើយអ្វីដែលលោក នេតាន់យ៉ាហ៊ូ បានលើកឡើងនោះ ទំនងជាមានន័យ ចង់ផ្ដួលរំលំរបបគ្រប់គ្រងរដ្ឋធានីតេហេរ៉ង់ (Tehran) និងបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមានទំនោរ ងាកទៅរកលោកខាងលិច ឬលោកសេរី ដោយមិនមែនជារដ្ឋាភិបាលគ្រប់គ្រងតាមបែបសាសនា និងរឹងរូសបំផុតដូចសព្វថ្ងៃ។

សារព័ត៌មាន Iran International បានផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកានេះថា លោក នេតាន់យ៉ាហ៊ូ បានចោទប្រកាន់រដ្ឋធានីតេហេរ៉ង់ថា កំពុងព្យាយាមធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរស់ឡើងវិញ។ ស្របគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវឱ្យអ៊ីស្រាអែល បង្កើតរដ្ឋាភិបាលឯកភាពជាតិមួយ ដើម្បីប្រឈមមុខនឹងបញ្ហាគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។ លោក នេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងសុន្ទរកថាមួយ ដែលបានបកប្រែពីភាសាហេប្រ៊ីថា៖«របបអ៊ីរ៉ង់ មានបំណងបំផ្លាញអ៊ីស្រាអែល កំពុងតែព្យាយាមរស់ឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្មីម្ដងទៀត។ មេដឹកនាំអ៊ីរ៉ង់ នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើពួកគេទទួលបានអាវុធដ៏គ្រោះថ្នាក់ទាំងនោះ។ ដូច្នេះ អ៊ីស្រាអែល ចាំបាច់ត្រូវមានរដ្ឋាភិបាលមួយ គាំទ្រនយោបាយយ៉ាងទូលំទូលាយ ដើម្បីដោះស្រាយរាល់ការគំរាមកំហែងទាំងនេះ។»

លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា៖«យើងត្រូវតែលុបបំបាត់រាល់ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដល់អាយុជីវិតនេះ ឱ្យអស់ជាស្ថាពរ។ រដ្ឋាភិបាលដែលមានមូលដ្ឋានគាំទ្រតូចចង្អៀត ឬរដ្ឋាភិបាលដែលពឹងផ្អែកលើអ្នកគាំទ្រអំពើភេរវកម្ម នឹងមិនអាចសម្រេចបាននូវគោលដៅដ៏ធំបំផុតនេះឡើយ»។ ដូច្នេះ រដ្ឋាភិបាលឯកភាពជាតិមួយរបស់អ៊ីស្រាអែល អាចនឹងសម្រេចបាននូវគោលដៅនោះ«ទាន់ពេលវេលា ដែលនឹងធានាបាននូវសន្តិសុខរបស់អ៊ីស្រាអែល សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត»៕ អត្ថបទ៖ ណុប ស៊ីនួន




