
រដ្ឋធានីវ៉ាស៊ីនតោន៖ នាយកដ្ឋានកងទ័ពអាកាសសហរដ្ឋអាម៉េរិក បានអះអាងកាលពីថ្ងៃសុក្រ អំពីការធ្វើតេស្តទម្លាក់គ្រាប់បែក ចេញពីយន្តហោះយុទ្ធសាស្រ្ដបំបាំងកាយ មានល្បឿនលឿនជាងសំឡេង ប្រភេទ B-21 Raider ខណៈសកម្មភាពនេះ បានផ្លាស់ប្ដូរយន្តហោះជំនាន់ថ្មីមួយប្រភេទនេះ ពីដំណាក់កាលនៃការធ្វើតេស្តហោះហើរ ទៅជាយានផ្ទុកអាវុធ មានសមត្ថភាពប្រតិបត្តិការជាក់ស្តែង។

បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅរសៀល ថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកានេះថា កងទ័ពអាកាស បានផ្ដល់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍយន្តហោះ B-21 ដែលជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយយុទ្ធសាស្រ្ដជំនាន់ថ្មីរបស់សហរដ្ឋអាម៉េរិក ទៅឱ្យក្រុមហ៊ុន Northrop Grumman (ណ័រស្រប់ ហ្គ្រូមម៉ាន់) កាលពីអំឡុងឆ្នាំ២០១៥។ លោក ត្រយ មេនខ៍ (Troy Meink) មន្រ្ដីជាន់ខ្ពស់ នៃកងទ័ពអាកាសសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា យន្ដហោះទម្លាក់គ្រាប់បែក B-21 បានរចនាឡើង សម្រាប់ផ្តល់សមត្ថភាពប្រយុទ្ធកាន់តែល្អប្រសើរ ដល់កងកម្លាំងប្រយុទ្ធ ដោយរួមបញ្ចូលគ្នាអាចទុកចិត្តបាន និងភាពងាយស្រួល នៅក្នុងការថែទាំ ដើម្បីអាចដាក់បញ្ចូលអាវុធថ្មីៗ បានយ៉ាងឆាប់រហ័ស។ ការសាកល្បង ប្រកបដោយដ៏ជោគជ័យនេះ បង្ហាញឱ្យឃើញអំពីសមត្ថភាពរបស់យើង នៅក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័ស និងអាចគំរាមកំហែង ដល់គោលដៅណាមួយ ប្រសិនបើវិធានការទប់ស្កាត់ មិនទទួលបានជោគជ័យ។

យន្តហោះ B-21 Raider ក៏បានរចនាឡើង ដើម្បីបញ្ច្រៀតខ្លួនចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសទំនើបៗរបស់សត្រូវ ដែលមានភាពស្មុគស្មាញ និងក្រាស់ក្រែល ព្រមទាំងអាចដឹកជញ្ជូនគ្រាប់រំសេវ ទាំងប្រភេទធម្មតា និងប្រភេទនុយក្លេអ៊ែរផងដែរ។ កងទ័ពអាកាសអាម៉េរិក បានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលធ្វើតេស្តនោះ យន្តហោះ B-21 មួយគ្រឿង បានហោះចេញពីមូលដ្ឋានទ័ពអាកាស Edwards ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយបានទម្លាក់គ្រាប់បែកធម្មតា (មិនមែននុយក្លេអ៊ែរ) មួយគ្រាប់។ សកម្មភាពនេះ បានបញ្ជាក់ថា គំរូឌីជីថល និងរចនាសម្ព័ន្ធប្រព័ន្ធបើកចំហរបស់យន្តហោះ ដំណើរការបានយ៉ាងត្រឹមត្រូវ តាមការរំពឹងទុក។ លោក ខេន វីលស្បាច (Ken Wilsbach) នាយសេនាធិការកងទ័ពអាកាស បានបញ្ជាក់ថា៖«ការសាកល្បងអាវុធនេះ បញ្ជាក់ថា កម្មវិធី B-21 កំពុងតែដំណើរការទៅយ៉ាងល្អប្រសើរ»។

កម្មវិធីនេះ កំពុងដំណើរការលឿនជាងផែនការដែលបានកំណត់ ជាមួយនឹងការរំពឹងថា យន្តហោះប្រតិបត្តិការដំបូង នឹងទៅដល់មូលដ្ឋានទ័ពអាកាស Ellsworth ស្ថិតក្នុងរដ្ឋ South Dakota នាឆ្នាំ២០២៧។ រីឯតម្លៃរបស់យន្ដហោះទម្លាក់គ្រាប់បែក B-21 Raider (ប៊ី-២១ រ៉ាយឌ័រ) មានតម្លៃចន្លោះពី៥៥០លាន-ទៅ៧០០លានដុល្លារអាម៉េរិក ក្នុងមួយគ្រឿង ខណៈសហរដ្ឋអាម៉េរិក មានផែនការបង្កើតកងយន្ដហោះទម្លាក់គ្រាប់បែកប្រភេទនេះ ជាអប្បបរមាចំនួន១០០គ្រឿង៕



