តើយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដអាម៉េរិក B-21 Raider មានអានុភាពខ្លាំងកម្រិតណា?
S
Sinuon Nop
•
14 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក មានយន្ដហោះចម្បាំង យន្ដហោះយោធា និងយន្ដហោះទម្លាក់គ្រាប់បែក គ្រប់ប្រភេទសរុបជាង១៣០០០គ្រឿង ប៉ុន្ដែឥឡូវ កងទ័ពអាកាស នៃប្រទេសមហាអំណាចលេខ១ ទាំងយោធា និងសេដ្ឋកិច្ចមួយនេះ បានបង្ហាញពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ មានសមត្ថភាពបំបាំងកាយ និងមានល្បឿនលឿនជាងសំឡេងថ្មីមួយប្រភេទទៀត គឺ B-21 Raider។ ចុះលោកអ្នកមានដឹងទេ តើ B-21 Raider មានអានុភាព និងខ្លាំងក្លាកម្រិតណា...?

យន្ដហោះទម្លាក់គ្រាប់បែក B-21 Raider បានចាប់ផ្ដើមហោះហើរសាកល្បង ជាលើកដំបូង នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ តែវាបានទម្លាក់គ្រាប់បែក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ យន្ដហោះប្រភេទនេះ ផលិតឡើងដោយក្រុមហ៊ុនឧស្សាហកម្មការពារជាតិ និងអវកាសសហរដ្ឋអាម៉េរិក។ យន្ដហោះទម្លាក់គ្រាប់បែក B-21 Raider មានបណ្ដោយប្រវែង១៨,៦ម៉ែត្រ មានស្លាបពីម្ខាងទៅម្ខាងប្រវែង៤៦,៣ម៉ែត្រ និងមានទម្ងន់ទទេ ៣១៧៥១គីឡូក្រាម និងទម្ងន់ហោះហើរ ជាអតិបរមា ៨១ ៦៤៧គីឡូក្រាម។

យន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider អាចហោះហើរ នៅក្នុងចម្ងាយ រហូតដល់១៤៨១៦គីឡូម៉ែត្រ ជាមួយនឹងល្បឿន១០៤៩គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះនៅលើកម្ពស់១៥០០០ម៉ែត្រ។ យន្ដហោះទម្លាក់គ្រាប់បែកប្រភេទនេះ បានបំពាក់ដោយម៉ាស៊ីនចំនួន២ និងបើកបរដោយអាកាសយានិកចំនួន២ ហើយវាក៏បានត្រូវរចនាឡើង ទាំងសម្រាប់មនុស្សបើក និងប្រតិបត្ដិការបញ្ជាពីចម្ងាយ ដោយគ្មានមនុស្សបើកផងដែរ។

យន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider មានសមត្ថភាពផ្ទុកគ្រឿងសព្វាវុធនៅខាងក្នុងខ្លួនវា រហូតដល់ទម្ងន់១៣៦០០គីឡូក្រាម។ វាអាចផ្ទុកបានទាំងគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកមិនមែនជានុយក្លេអ៊ែរ, មីស៊ីលនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ, គ្រាប់បែកនាំផ្លូវដ៏ជាក់លាក់, មីស៊ីលប្រឆាំងនឹងនាវារយៈចម្ងាយឆ្ងាយ (LRASM) និងអាវុធថាមពលនាំផ្លូវនាពេលអនាគត។ យន្ដហោះទម្លាក់គ្រាប់បែក B-21 Raider (ប៊ី-២១ រ៉ាយឌ័រ) មានតម្លៃចន្លោះពី៥៥០លាន-ទៅ៧០០លានដុល្លារអាម៉េរិកក្នុងមួយគ្រឿង ខណៈសហរដ្ឋអាម៉េរិក មានផែនការបង្កើតកងយន្ដហោះទម្លាក់គ្រាប់បែកប្រភេទនេះ ជាអប្បបរមាចំនួន១០០គ្រឿង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត