
រាជធានីភ្នំពេញ៖ ស្របពេលប្រមុខរាជ/រដ្ឋាភិបាលនានា នៅលើពិភពលោក កំពុងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ មេដឹកនាំរាជរដ្ឋាភិបាល និងមេៗយោធា នាំគ្នាជ្រួលច្របល់ គំរាមផង ចោទប្រកាន់មកលើកម្ពុជាផង ដោយសារការភ័យខ្លាចប្រមុខរាជរដ្ឋាភិបាលខ្មែរ បកអាក្រាតមុខមាត់ពិត អំពីការឈ្លានពានរបស់ពួកគេ មកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា...។

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ បានចេញផ្សាយព្រោងព្រាតកាលពីល្ងាចថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកា ថា កងទ័ពជើងគោកភូមិន្ទថៃ បានចោទប្រកាន់ប្រទេសកម្ពុជា អំពីការប្រើប្រាស់ព្រឹត្ដិការណ៍នៃកិច្ចប្រជុំកំពូលអន្ដរជាតិ«ហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយទស្សនៈបំភ្លៃ ពាក់ព័ន្ធនឹងជម្លោះនៅតាមព្រំដែន រវាងកម្ពុជា និងថៃ ដែលនាំឱ្យមានការភ័ន្ដច្រឡំ។ ភាគីថៃ បានលើកឡើងថា ការដាក់តាំងបង្ហាញគំរូប្រាសាទចំនួន៣ ដែលស្ថិតក្នុងតំបន់ជម្លោះនោះ មានបង្កប់នូវអត្ថន័យនយោបាយ និងផ្ទុយពីសារសន្តិភាព ដែលព្រឹត្តិការណ៍នេះចង់បង្ហាញ។

លោកឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី (วินไทย สุวารี) អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍(ទី១៤ ខែវិច្ឆិកា) ដើម្បីឆ្លើយតបទៅនឹងការតាំងពិព័រណ៍មួយ នៅក្នុងភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ដែលកំពុងរៀបចំឡើងនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា មុននឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី Francophonie លើកទី២០។ ការតាំងពិព័រណ៍នេះ រួមមាន ការដាក់បង្ហាញគំរូប្រាសាទបុរាណចំនួន៣ គឺប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

បើតាមអ្នកនាំពាក្យ លោក វីនថៃ បានឱ្យដឹងថា ការសម្ភាសនានា ពាក់ព័ន្ធនឹងការតាំងពិព័រណ៍នេះ បានបង្ហាញថា ប្រាសាទទាំងនោះ បានរងការខូចខាត នៅក្នុងអំឡុង«សង្គ្រាមឈ្លានពាន» ដែលអាចធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ យល់ច្រឡំថា ប្រទេសថៃ ជាអ្នកទទួលខុសត្រូវ នៅក្នុងការវាយប្រហារមកលើប្រទេសកម្ពុជា។ ភាគីកងទ័ពថៃ បានបដិសេធការតាំងពិពរណ៌នេះ ដោយចោទប្រកាន់កម្ពុជា ថា បានព្យាយាមបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ ដើម្បីផលប្រយោជន៍នយោបាយ ស្របពេលមិនបានលើកឡើង អំពីអ្វីដែលភាគីថៃ អះអាងថា ជាការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ ដោយកម្ពុជា សម្រាប់ប្រតិបត្តិការយោធា។(Sic)

អ្វីដែលកាន់តែច្បាស់នោះ នៅត្រង់ថា ប្រសិនបើទាហានថៃ មិនបានឈ្លានពានមកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ចុះហេតុអ្វី ទាំងរដ្ឋាភិបាលរាជធានីបាងកក និងទាហានថៃ ភ័យស្លន់ស្លោ ខ្លាចកម្ពុជាបកអាក្រាតមុខមាត់ពិតខ្លាំងម៉្លេះ? បើភាគីថៃ ជាអ្នកត្រឹមត្រូវ មិនមានពុតត្បុតខ្លាំង មិនចាំបាច់ភ័យខ្លាចនោះទេ បើមាសសុទ្ធ ហេតុអ្វីក៏ខ្លាចភ្លើង? បើតាមសារបាន ឬសន្ដានរបស់ចោរ មិនដែលប្រាប់ត្រង់ថា ខ្លួនឯងជាចោរនោះឡើយ។ ការចាប់ផ្ដើមភាពតានតឹង នៅតាមព្រំដែនចុងក្រោយ កាលពីឆ្នាំ២០២៥ កើតឡើងដោយទាហានថៃ លបមកបាញ់ប្រហារមុន លើកងទ័ពកម្ពុជា បណ្ដាលឱ្យកងទ័ពខ្មែរម្នាក់ពលីជីវិត នៅក្នុងតំបន់មុំបី កាលពីវេលាម៉ោង៥ៈ៤៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ ស្ថិតក្នុងបូរណភាពទឹកដីរបស់កម្ពុជា។

បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារបែបនេះ ក្រសួងការពារជាតិកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីព្រឹកថ្ងៃពុធទី២៨ ខែឧសភា ឆ្នាំ២០២៥ ថា ការប៉ះទង្គិចគ្នារយៈពេលខ្លី រវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។ ការប៉ះទង្គិចគ្នានេះ បានបណ្ដាលឱ្យពលីជីវិតដល់កងទ័ពខ្មែរម្នាក់ ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់មុំបី ដោយយោធិននោះមានឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ មានឋានន្ដរស័ក្ដិជាព្រិន្ទបាលឯក និងមានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយការបាញ់ប្រហារមកលើយោធាកម្ពុជា រួចហើយ ទាហានថៃ និងរាជរដ្ឋាភិបាលរាជធានីបាងកក នៅតែបង្កើនភាពតានតឹងជាមួយកម្ពុជា ជាបន្ដបន្ទាប់ ហើយបានបាញ់ប្រហារមុនមកលើកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទើបកម្ពុជា បានប្រើប្រាស់ ជម្រើសការពារខ្លួន នាំឱ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ទើបបានផ្អាកប្រយុទ្ធគ្នាទៅវិញ ក្រោមការសម្របសម្រួល ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម នៅក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេន នាពេលនោះ។ ថ្វីបើភាគីទាំង២ កម្ពុជា-ថៃ ឈានដល់ការចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាព នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់មេដឹកនាំម៉ាឡេស៊ី និងអាម៉េរិក យ៉ាងណាក្ដី ក៏ភាគីថៃនៅតែបន្ដសកម្មភាព រំលោភបំពានឥតឈប់ឈរ រហូតឈានដល់ការផ្ទុះសង្គ្រាម ជាលើកទី២ ចាប់ពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ទើបមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ជាថ្មី។ ប៉ុន្ដែទាហានថៃ នៅតែបន្ដរំលោភបំពានមកលើកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងអំឡុងផ្ទុះសង្គ្រាមវាយប្រហារគ្នាជាមួយកម្ពុជានោះ ទាហានសៀមបានប្រើប្រាស់យន្ដហោះចម្បាំង F-16, Gripen និងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនប្រភេទទៀត បាញ់ និងទម្លាក់កម្ទេចប្រាសាទតាក្របី ហើយបានបាញ់ផ្លោងកំាំភ្លើងធំ ដាក់ប្រាសាទនានា ដែលជាសម្បត្ដិបេតិកភណ្ឌរបស់ដូនតាខ្មែរ ដូចជា ប្រាសាទព្រះវិហារ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ៕






