
កីឡា៖ ក្ដីស្រមៃក្លឹបយក្សនៅតួកគីយ៉េ ហ្វេនើបាឈេ (Fenerbahce) ក្នុងការនាំយកកំពូលខ្សែប្រយុទ្ធ គ្រីស្ទៀណូ រ៉ូណាល់ដូ ទៅចូលរួមក្រុម កំពុងស្ថិតក្នុងភាពស្រពិចស្រពិល និងពិបាកក្លាយជាការពិត ដោយសារតែបញ្ហាហិរញ្ញវត្ថុដ៏ធំសម្បើម ដែលកញ្ចប់ថវិការបស់ភាគីតួកគីយ៉េ អាចផ្ដល់ឱ្យបានត្រឹមតែ១ភាគ៤ប៉ុណ្ណោះ បើធៀបនឹងចំណូលបច្ចុប្បន្ន ដែលតារាឆ្នើមរូបនេះ កំពុងទទួលបាននៅក្លឹប Al-Nassr…។

បើទោះបីជាពាក្យចចាមអារ៉ាម ជុំវិញការផ្លាស់ទៅលេងនៅលីគតួកគីយ៉េរបស់ CR7 បានផ្ទុះឡើង បន្ទាប់ពីអ្នកកាសែតតួកគីយ៉េ លោក យ៉ាហ្គីស សាប៊ុនជូអូហ្គ្លូ (Yagiz Sabuncuoglu) បង្ហើបឱ្យដឹងថា មានភ្នាក់ងារកណ្ដាលម្នាក់ កំពុងសិក្សាពីលទ្ធភាពនាំយកប្រធានក្រុម Al-Nassr រូបនេះ ទៅកាន់ក្លិប Fenerbahce នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងាខាងមុខក៏ដោយ ក៏មកទល់ពេលនេះ មិនទាន់មានសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយចេញពីភាគីក្លិប Fenerbahce ឬ Al-Nassr ដើម្បីបញ្ជាក់ពីការផ្ទេរនេះនៅឡើយទេ។

អ្វីដែលជាឧបសគ្គធំបំផុតនោះ គឺប្រព័ន្ធផ្សព្វផ្សាយតួកគីយ៉េ បានរាយការណ៍ថា លទ្ធភាពនៃការផ្ដល់កុងត្រាឧបត្ថម្ភ ដើម្បីជួយទ្រទ្រង់ហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងនេះ មានតម្លៃត្រឹមតែប្រមាណ៥០លានអឺរ៉ូប៉ុណ្ណោះ ខណៈការចំណាយលើប្រាក់ឈ្នួលរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅអារ៉ាប៊ីសាអូឌីត មានទំហំធំសម្បើមរហូតដល់លើសពី២០០លានអឺរ៉ូឯណោះ។ គម្លាតថវិកាខុសគ្នាដល់ទៅ៤ដងនេះ ត្រូវបានគេមើលឃើញថា ជាកត្តារារាំងដ៏ចម្បងដែលធ្វើឱ្យតួកគីយ៉េ ពិបាកនឹងទទួលបានហត្ថលេខារបស់ Ronaldo។ លើសពីនេះ ទោះបីជាមានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងពីសេណារីយ៉ូនៃការផ្ដាច់កុងត្រារបស់ Ronaldo ជាមួយ Al-Nassr ដើម្បីបើកផ្លូវឱ្យរូបគេផ្លាស់ទៅក្លិបតួកគីយ៉េដោយគ្មានតម្លៃខ្លួនក៏ដោយ ប៉ុន្តែព័ត៌មានទាំងនេះ នៅត្រឹមតែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

ជុំវិញព័ត៌មានចចាមអារ៉ាមនេះដែរ អតីតប្រធានរដ្ឋបាលក្លិប Al-Nassr លោក សាអាដ អាល់-ស៊ូបៃ (Saad Al-Subaie) បានចេញមុខបដិសេធតាមរយៈបណ្ដាញសង្គម X ថា ដំណឹងដែលថា Ronaldo នឹងចាកចេញនៅខែមករាខាងមុខ គឺជារឿងមិនពិតឡើយ ដោយបញ្ជាក់ថា កិច្ចសន្យារបស់គេជាមួយលីគកំពូលអារ៉ាប៊ីសាអូឌីត នឹងនៅតែបន្តអនុវត្តជាធម្មតាបន្ទាប់ពីចប់រដូវកាលនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Cristiano Ronaldo នៅជាប់កិច្ចសន្យាជាមួយក្លឹប Al-Nassr រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ខណៈខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ កំពុងបន្តដំណើរជាមួយក្រុមយក្សអារ៉ាប៊ីសាអូឌីត ដើម្បីឆ្ពោះទៅសម្រេចកំណត់ត្រាប្រវត្តិសាស្ត្រស៊ុតបញ្ចូលទីឱ្យបាន១ពាន់គ្រាប់ ក្នុងអាជីពបាល់ទាត់របស់ខ្លួន៕





