
កីឡា៖ ខ្សែប្រយុទ្ធឆ្នើមកម្រិតពិភពលោក គ្រីស្ទៀណូ រ៉ូណាល់ដូ បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវ័យ៤១ឆ្នាំ ក្រោយចំណាយពេលរយៈពេល២៣ឆ្នាំ ជាមួយក្រុមជម្រើសជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៥វិច្ឆិកា ឆ្នាំ២០២៦ តាមរយៈវីដេអូឃ្លីបដ៏រំជួលចិត្តមួយ ប្រាប់ដល់អ្នកគាំទ្រប្រទេសកំណើត...។

ក្នុងវីដេអូឃ្លីបនោះ ស្ដេចម៉ាស៊ីនរកគ្រាប់បាល់ក្នុងអាជីពបាល់ទាត់រូបនេះ បាននិយាយថា៖«រយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានត្រៀមចិត្តទទួលយកគ្រប់យ៉ាងរួចហើយ។ គ្រាប់បាល់ខ្ញុំកន្លងមក នឹងត្រូវបំភ្លេចចោល ពានរង្វាន់ នឹងត្រូវដាក់តាំងក្នុងសារមន្ទីរ ហើយកំណត់ត្រា នឹងមានអ្នកជំនាន់ក្រោយមកបំបែកនៅថ្ងៃណាមួយ។ ប៉ុន្តែ មានរឿងមួយ ដែលពេលវេលាមិនអាចលុបបំបាត់បាន គឺកន្លែងដែលយើងស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នា គឺភ្លេងជាតិនៃប្រទេសព័រទុយហ្គាល់»។ លោកបានបន្ថែមថា៖«ប្រសិនបើខ្ញុំ ធ្លាប់ធ្វើឱ្យអ្នកសប្បាយចិត្ត, ប្រសិនបើគ្រាប់បាល់របស់ខ្ញុំ ធ្លាប់ធ្វើឱ្យអ្នកដទៃ បំភ្លេចការព្រួយបារម្ភ ឬមានមោទកភាព ចំពោះប្រទេសជាតិយើង នោះវាពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ខ្ញុំ!»។

សូមរម្លឹកថា មុនការប្រកាសនេះ រ៉ូណាល់ដូ មានទំនាស់ជាមួយគ្រូបង្វឹកថ្មី និងមិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតខែនេះ ធ្វើឱ្យមានការបែកបាក់គ្នារវាងលោក និងគ្រូបង្វឹក និងធ្វើឱ្យអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ មិនសប្បាយចិត្ត និងខ្លះឈានដល់ការផ្ទុះកំហឹងជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិ ថែមទៀតផង។ ដ្បិតថា មានបញ្ហាចម្រូងចម្រាសបន្តិច ប៉ុន្តែការរួមចំណែករបស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ក្នុងក្រុមជម្រើសជាតិ គឺមិនអាចកាត់ថ្លៃបានឡើយ ដោយកំលុងពេលនៃការបង្ហាញខ្លួនទាំង២៣៤ដង កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ ស៊ុតបញ្ចូលទីបាន១៤៦គ្រាប់ និងជួយឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពាន Euro 2016 រួមទាំង UEFA Nations League ពីរដងផងដែរ (2019 និង 2025)។

យ៉ាងណា អ្នកវិភាគកីឡារបស់ទីភ្នាក់ងារសារព័ត៌មាន CNN បានលើកឡើងថា គ្រីស្ទៀណូ រ៉ូណាល់ដូ គួរតែសម្រេចចិត្តដើរចេញពីក្រុមជម្រើសជាតិ តាំងពីយូរណាស់មកហើយ ព្រោះសមត្ថភាព និងរាងកាយរបស់គាត់ធ្លាក់ចុះ គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រសិនបើគាត់សម្រេចចិត្តដើរចេញតាំងពីក្រោយពេលប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា មក គេប្រហែលជាអាចរីករាយនឹងការលាឈប់ដ៏អស្ចារ្យមួយ ស្រដៀងនឹងកីឡាករ លីអូនែល មេស៊ី ដែរ។ ទោះការលេងឱ្យក្រុមជម្រើសជាតិ បានបញ្ចប់ហើយក្ដី ប៉ុន្តែ គ្រីស្ទៀណូ រ៉ូណាល់ដូ នៅបន្តអាជីពបាល់ទាត់ជាមួយក្លិប Al-Nassr នៅអារ៉ាប៊ីសាអូឌីត ដែលបច្ចុប្បន្នកំពុងខិតជិតដល់កំណត់ត្រា១០០០គ្រាប់ ក្នុងអាជីព ដែលវានឹងក្លាយជាស្ថិតិដ៏អស្ចារ្យមួយទៀត មុនពេលតារាឆ្នើមរូបនេះ សម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់របស់ខ្លួនទាំងស្រុង៕




