CR7 ទម្លាយរឿងរ៉ាវដើរចេញពីក្រុមជម្រើសជាតិ និងហែកស្បែកមុខលោក ចច ចេស៊ូស ជុំវិញការមិនគោរពពាក្យសន្យា
Chanmarady Chuon
•
2 ថ្ងៃមុន

កីឡាបាល់ទាត់៖ ខ្សែប្រយុទ្ធឆ្នើម គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានចេញមុខធ្វើសេចក្តីថ្លែងការណ៍បកស្រាយយ៉ាងលម្អិត ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុង និងការខកចិត្តយ៉ាងខ្លាំងចំពោះ លោក ចច ចេស៊ូស (Jorge Jesus) គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ រហូតឈានដល់ការសម្រេចចិត្តចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ…។

ផ្អែកតាមការបញ្ជាក់ពី គ្រីស្ទឿណូ រ៉ូណាល់ដូ បានឱ្យដឹងថា ដើមឡើយរូបគេបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការតែងតាំងលោក Jorge Jesus មកដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ វាពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ចំពោះវត្តមានរបស់គ្រូបង្វិករូបនេះ (គ្រីស្ទឿណូ រ៉ូណាល់ដូ បញ្ជាក់)។ ប៉ុន្តែភាពរកាំរកូសបានចាប់ផ្តើម នៅក្នុងការប្រកួតតទល់នឹងក្រុមជម្រើសជាតិន័រវែស (Norway) ជាពេលដែលលោក Jorge Jesus បានប្រាប់ គ្រីស្ទឿណូ រ៉ូណាល់ដូ ថា នឹងដាក់រូបគេឱ្យចូលលេងរយៈពេល៣០នាទី។

ទោះបីជា CR7 បានចេញទៅកម្តៅសាច់ដុំយ៉ាងរៀបរយរួចរាល់យ៉ាងណាក៏ដោយ ប៉ុន្តែរហូតដល់បញ្ចប់ការប្រកួត លោកគ្រូបង្វឹកបែរជាមិនបានផ្លាស់ប្ដូររូបគេឱ្យចូលលេងដូចការសន្យានោះឡើយ។ ស្តេចស៊ុតបាល់បញ្ចូលទីរូបនេះ បានបញ្ជាក់ដោយការខកចិត្តថា៖«គ្រូបង្វឹកមិនបានធ្វើតាមការព្រមព្រៀងគ្នា ជាមួយខ្ញុំនោះទេ»។ ប្រភពបានបន្តថា ពីរថ្ងៃក្រោយហេតុការណ៍នោះកើតឡើង គ្រីស្ទឿណូ រ៉ូណាល់ដូ និងលោក Jorge Jesus បានជួបប្រជុំគ្នាម្ដងទៀត ដោយបានព្រមព្រៀងគ្នាថា លោក Jesus នឹងធ្វើការពន្យល់បកស្រាយពីរឿងរ៉ាវនេះ នៅក្នុងសន្និសីទសារព័ត៌មាន។ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយ! គ្រីស្ទឿណូ រ៉ូណាល់ដូ លើកឡើងថា អ្វីដែលលោក Jesus និយាយទៅកាន់អ្នកសារព័ត៌មាន គឺខុសស្រឡះពីអ្វីដែលពួកគេបានព្រមព្រៀងគ្នា ក្នុងជំនួបបិទទ្វារ។

ដោយសារតែការមិនគោរពពាក្យសន្យា និងការខកចិត្តជាបន្តបន្ទាប់ គ្រីស្ទឿណូ រ៉ូណាល់ដូ បានសម្រេចចិត្តចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិភ្លាមៗ។ ជាមួយគ្នា រូបលោកក៏បានផ្ញើសារសុំទោសទៅកាន់មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់ ព្រមទាំងប្រកាសទទួលយកការដាក់ទណ្ឌកម្មផ្សេងៗ ប្រសិនបើមាន។ ទោះបីជាមានបញ្ហារកាំរកូសជាមួយគ្រូបង្វិករូបនេះយ៉ាងណាក៏ដោយ គ្រីស្ទឿណូ រ៉ូណាល់ដូ ដែលមានរហស្សនាមទូទាំងសកលលោកថា CR7 បានគូសបញ្ជាក់ពីជំហរយ៉ាងច្បាស់ៗ ថា រូបគេនៅតែត្រៀមខ្លួនចូលរួម និងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នាពេលខាងមុខជានិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត