PUMA ព្រួយបារម្ភអំពីផលប៉ះពាល់ ខណៈ CR7 កំពុងបង្ហាញស្នាមញញឹមនៃក្ដីសង្ឃឹមពីក្រុងរីយ៉ាដ
Chanmarady Chuon
•
11 ម៉ោងមុន

កីឡាបាល់ទាត់៖ ឥទ្ធិពលរបស់គ្រីស្ទីណូ រ៉ូណាល់ដូ Cristiano Ronaldo លើក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនត្រឹមតែស្តែងឡើងនៅលើវាលស្មៅប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានឥទ្ធិពលយ៉ាងធំធេងដល់ផ្នែកពាណិជ្ជកម្មផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនផលិត[ផលិតផល]កីឡាខ្នាតយក្ស PUMA បានប៉ាន់ប្រមាណថា ការលក់អាវ និងសម្ភារកីឡារបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ អាចនឹងធ្លាក់ចុះរហូតដល់ទៅ៦៥ភាគរយ ប្រសិនបើម្ចាស់អាវលេខ៧ រូបនេះ សម្រេចចិត្តបញ្ចប់ភារកិច្ចជាផ្លូវការជាមួយក្រុមជម្រើសជាតិ...។

ការព្រួយបារម្ភនេះ មានទម្ងន់ធ្ងន់រហូតដល់មានសេចក្ដីរាយការណ៍ថា មានការព្យាយាមសម្រុះសម្រួលរវាងលោកគ្រីស្ទីណូ រ៉ូណាល់ដូ និងក្រុមការងារគ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយសារវត្តមានរបស់គ្រីស្ទីណូ រ៉ូណាល់ដូ គឺជាប្រភពចំណូល និងជាតម្លៃពាណិជ្ជកម្មដ៏មហាសាលសម្រាប់សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ក៏ដូចជាអ្នកឧបត្ថម្ភផ្គត់ផ្គង់ឈុតកីឡាថ្មីមួយនេះ។ គួរបញ្ជាក់ផងដែរថា CR7 គឺជាទូតសុឆន្ទៈ និងជាបុគ្គលដ៏សំខាន់ម្នាក់ ក្នុងយុទ្ធនាការបើកសម្ពោធផលិតផលរបស់ PUMA បន្ទាប់ពីក្រុមហ៊ុនមួយនេះ ក្លាយជាដៃគូផ្គត់ផ្គង់សម្លៀកបំពាក់កីឡាផ្លូវការ (Technical Sponsor) ថ្មីរបស់ជម្រើសជាតិព័រទុយហ្គាល់។

ប្រសិនបើប្រធានក្រុមវ័យជ្រែរូបនេះ សម្រេចចិត្តព្យួរស្បែកជើងចេញពីបាល់ទាត់ជម្រើសជាតិមែននោះ PUMA ប្រាកដជាត្រូវរៀបចំផែនការថ្មី និងការប៉ាន់ប្រមាណពាណិជ្ជកម្មរបស់ខ្លួនឡើងវិញជាមិនខាន ព្រោះថា តម្លៃឈ្មោះ «CR7» នៅតែជាមេដែកស្រូបទាញការចាប់អារម្មណ៍ និងជាអ្នករុញច្រានការលក់សម្ភារកីឡារបស់ព័រទុយហ្គាល់ខ្លាំងបំផុត នៅលើទីផ្សារពិភពលោក។ ជាការពិតណាស់ ឥទ្ធិពល និងភាពល្បីល្បាញរបស់ គ្រីស្ទីណូ រ៉ូណាល់ដូ គឺមិនដែលកម្រិតត្រឹមតែលើទីលានបាល់ទាត់នោះឡើយ។

ទោះជាយ៉ាងណា បើតាមការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់ក្លិប Al-Nassr បានបង្ហាញឱ្យឃើញរូបភាព រ៉ូណាល់ដូ កំពុងបង្ហាញស្នាមញញឹមយ៉ាងរីករាយ និងមានទឹកមុខស្រស់ថ្លា បន្ទាប់ពីបានវិលត្រឡប់មកពីព័រទុយហ្គាល់ទាំងក្ដីឈឺចាប់ និងបានវិលចូលក្នុងជំរំហ្វឹកហាត់នៅទីក្រុងរីយ៉ាដ ជាមួយមិត្តរួមក្រុម ក្នុងការដេញចាប់ក្ដីស្រម៉ៃចុងក្រោយរកគ្រាប់បាល់១ពាន់គ្រាប់ មុនចូលនិវត្តន៍ពីអាជីព។ សកម្មភាពទាំងនេះ បានស្តែងឱ្យឃើញថា ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល រូបនេះ នៅតែរក្សាបាននូវស្មារតីរីករាយ ភាពប្រាកដប្រជា និងការផ្តោតអារម្មណ៍ខ្ពស់លើអាជីពបាល់ទាត់របស់ខ្លួន បើទោះជាមានការលេចឮព័ត៌មានចម្រូងចម្រាស និងក្ដីបារម្ភ ជុំវិញអនាគតរបស់រូបគេ ជាមួយក្រុមជម្រើសជាតិយ៉ាងណាក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត