
រដ្ឋធានីលីស្បោន៖ តើជាការពិតទេ..? ក្រោយពេលកំពូលតារាបាល់ទាត់នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) សម្រេចចិត្តហាលអាវ មានព័ត៌មានចចាមអារ៉ាមជាច្រើនផ្ទុះឡើងព្រោងព្រាត នៅលើបណ្តាញសង្គម ដោយអ្នកខ្លះអះអាងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងត្រូវបង្ខំចិត្តទម្លាក់តម្លៃសំបុត្រទស្សនាការប្រកួត ដល់ទៅ៩០ភាគរយឯណោះ...។

ការចាកចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់របស់កំពូលខ្សែប្រយុទ្ធ គ្រីស្ទៀណូ រ៉ូណាល់ដូ មិនត្រឹមតែបន្សល់ទុកនូវចន្លោះប្រហោងផ្នែកបច្ចេកទេស លើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការលើកឡើងជាសំណួរ អំពីទំហំនៃការខាតបង់ផ្នែកទីផ្សាររបស់ប្រទេសព័រទុយហ្គាល់ នៅពេលអវត្តមានតារាបាល់ទាត់ឆ្នើមរបស់ក្រុម។ ថ្មីៗនេះ មុនការប្រកួតពានរង្វាន់ UEFA Nations League ចូលមកដល់ នាយប់ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ក្រុមបញ្ចខែលព័រទុយហ្គាល់ ត្រូវប៉ះជាមួយក្រុមខ្លាំង ដាណាម៉ាក មានព័ត៌មានបែកធ្លាយមកថា តម្លៃសំបុត្រចូលទស្សនាការប្រកួត បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពី គ្រីស្ទៀណូ រ៉ូណាល់ដូ ប្រកាសចូលនិវត្តន៍ នាំឱ្យមានការជជែកវែកញែកអំពីវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ សម្រាប់សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់(FPF) ផងដែរ។

បើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកីឡា World Soccer Talk បានលើកឡើងថា សំបុត្រដែលធ្លាប់លក់ក្នុងតម្លៃដើម១២០អឺរ៉ូ ត្រូវបានបញ្ចុះតម្លៃមកនៅត្រឹមតែ១៧អឺរ៉ូប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជិត៩០ភាគរយ ហើយតួលេខនេះ ត្រូវបានគេយកមកធ្វើជាអំណះអំណាងថា សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ កំពុងរងគ្រោះផ្នែកហិរញ្ញវត្ថុ ក្រោយអវត្តមានខ្សែប្រយុទ្ធ គ្រីស្ទៀណូ រ៉ូណាល់ដូ អាចជារឿងពិតប្រាកដ។ ប៉ុន្តែ ការធ្លាក់ចុះនេះ នៅមិនទាន់មានភស្តុតាងជាក់លាក់នៅឡើយទេ ហើយក៏មិនអាចបញ្ជាក់បានថា ប្រាក់ចំណូលពីការលក់សំបុត្រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ បានធ្លាក់ចុះ៩០ភាគរយដូចការលើកឡើងដែរ ឬក៏យ៉ាងណា ដ្បិតរចនាសម្ព័ន្ធនៃការរៀបចំ និងការលក់សំបុត្រ គឺមានលក្ខណៈខុសគ្នា៕




