«សត្វត្រយងយក្ស» ប្រភេទជិតផុតពូជបំផុត បង្ហាញវត្តមានជាលើកដំបូង នៅព្រៃនៃសហគមន៍ការពារធនធានធម្មជាតិអូរគគី
S
Sreyleak Yith
•
20 ម៉ោងមុន

ខេត្តរតនគិរី៖ ត្រយងយក្ស ជាបក្សីដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ ដែលរងគ្រោះថ្នាក់ជិតផុតពូជបំផុតលើភពផែនដី នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ពេលនេះត្រូវបានប្រទះឃើញ នៅក្នុងព្រៃនៃសហគមន៍ការពារធនធានធម្មជាតិអូរគគី ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ នេះបើតាមការចុះផ្សាយdដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី១៤វិច្ជិកា..។

អង្គការគូសបញ្ជាក់ថា ការប្រទះឃើញនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់តំបន់ការពារ ដែលសហគ្រប់គ្រងដោយសហគមន៍ ក្នុងការផ្ដល់ជម្រកសុវត្ថិភាព និងប្រភពចំណីអាហារ ដល់សត្វព្រៃជិតផុតពូជ។ មួយវិញទៀត ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍មូលដ្ឋានក្នុងការ ការពារធនធានធម្មជាតិ ដោយមានការគាំទ្រពីគម្រោង REDD+ ដែនជម្រកសត្វព្រៃលំផាត់។ តាមរយៈការបន្តចុះល្បាតក្នុងសហគមន៍តំបន់ការពារធម្មជាតិ ការតាមដានសត្វព្រៃ ការអនុវត្តច្បាប់ និងការលើកកម្ពស់ ការយល់ដឹងអំពីការអភិរក្ស យើងអាចរួមគ្នាការពារសត្វត្រយងយក្ស និងជីវចម្រុះ ដ៏មានតម្លៃរបស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។

គួរជ្រាបថា សត្វត្រយងយក្ស មានចំនួនប៉ាន់ប្រមាណសរុបនៅលើពិភពលោក យ៉ាងតិចបំផុតគឺ១៩៤ក្បាល ជាសត្វពេញវ័យអាចបង្កកំណើត។ ច្រើនជាង៩០ភាគរយនៃចំនួនសត្វនេះ រស់នៅក្នុងប្រទេសកម្ពុជា ដូច្នេះ កម្ពុជាមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការ ការពារមិនឱ្យប្រភេទសត្វនេះផុតពូជ។ នៅក្នុងខែឧសភា ឆ្នាំ២០២៦កន្លងទៅ ជាដើមរដូវវស្សា និងចាប់ផ្តើមបន្តពូជរបស់សត្វត្រយងយក្ស ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានចុះស្រាវជ្រាវ និងស្វែងរកសំបុកសត្វត្រយងយក្ស នៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ជាលទ្ធផលសំបុកទី១ សម្រាប់រដូវកាលពងកូនថ្មីនេះ ត្រូវបានរកឃើញនាចុងខែឧសភា​។ ការស្វែងរកឃើញនេះ គឺជាសញ្ញាណវិជ្ជមានមួយបង្ហាញ ពីប្រសិទ្ធភាពនៃការខិតខំប្រឹងប្រែងក្នុងកិច្ចការអភិរក្ស។ ដូច្នេះ សូមចូលរួមការពារសត្វព្រៃជិតផុតពូជ និងដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត