លោក ម៉ាក្រុង លាប៉ារីស មកលេងភ្នំពេញ
Mao Sopha
•
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ម៉ោង៥:១០នាទី ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានដាក់ជើងឈរលើដីកម្ពុជាហើយ នៅអាកាសយានដ្ឋានអន្តរតេជោ បន្ទាប់ពីធ្វើដំណើរចាកចេញពីរដ្ឋធានីប៉ារីសអស់ច្រើនម៉ោង។ ភរិយារបស់លោក និងឝណៈប្រតិភូ បានអមដំណើរមកជាមួយលោក។ ក្រៅពីមន្រ្តីជាន់ខ្ពស់ ក៏មានសិស្សានុសិស្សផងដែរ ត្រូវបានរៀបចំឱ្យទទួលស្វាគមន៍យ៉ាងពិសេសចំពោះលោកប្រធានាធិបតី និងគណៈប្រតិភូ។ ចំណែក អ្នកកាសែតជាតិ-អន្តរជាតិជាច្រើនស្ថាប័ន បានមកយកព័ត៌មាន និងផ្តិតយកទិដ្ឋភាពអំពីដំណើរមកដល់ជាប្រវត្តិសាស្រ្តរបសប្រធានាធិបតីបារាំងរូបនេះ។   

ពេលជើងប៉ះដីភ្លាម លោក ម៉ាក្រុង​ ក៏ទទួលបានកម្រងផ្កាពីក្មេងស្រីតូចខ្មែរម្នាក់ ហើយលោក ក៏ឱនទៅថើមថ្ពាល់ក្មេងស្រីតូចនោះទាំងសងខាងសើៗ មុននឹងបន្តទៅជួបមន្រ្តីកម្ពុជា ដែលនៅឈរចាំទទួលស្វាគមន៍។ លោក មកកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋផង និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផង។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងប្រព្រឹត្តទៅជាផ្លូវការ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ។ មានការរំពឹងទុកថា វត្តមានលោកប្រធានាធិបតី ម៉ាក្រុង អាចនឹងមានការបង្កើតកិច្ចព្រមព្រៀងលើវិស័យសំខាន់ៗរវាងកម្ពុជា និងបារាំង ដូចជា ការពារជាតិ អវកាស ថាមពល និងអាកាសយានដ្ឋាន ជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត