
ក្រុងពោធិ៍សាត់៖ មានករណីឃាតកម្មដ៏គួរឱ្យរន្ធត់មួយ កើតឡើង បន្ទាប់ពីបុរសជាក្មួយ និងពូ អង្គុយផឹកស៊ីកំដរពិធីបុណ្យសពជាមួយគ្នា រួចទាស់ពាក្យសម្តីបន្តិចបន្តួច ធ្វើឱ្យជនដៃដល់ជាក្មួយ កើតគំនិតគុំកួន លបទៅវាយ និងអារ-កសម្លាប់ពូ ខណៈកំពុងដេកលង់លក់...។

ប្រភពព័ត៌មានបឋមពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៣វិច្ឆិកាម្សិលមិញ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មុនពេលកើតហេតុ ជនរងគ្រោះប៉ះទង្គិចពាក្យសម្ដី ដោយនិយាយទៅកាន់ជនដៃដល់ថា ជនដៃដល់ អាចជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយជនរងគ្រោះអាចហៅសមត្ថកិច្ចឱ្យមកចាប់ពេលណាក៏បាន។ សម្តីនេះបានក្លាយជាគំនុំក្នុងចិត្តរបស់ជនដៃដល់ លុះដល់ពេលជនរងគ្រោះដេកលក់ ជនដៃដល់ជាក្មួយ បានលបចូលទៅធ្វើសកម្មភាពវាយប្រហារ និងប្រើកាំបិតអារ-កសម្លាប់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការហ៊ុមព័ទ្ធ ពិនិត្យកោសល្យវិច័យលើសព ព្រមទាំងបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនដៃដល់ឈ្មោះ ឈឿង ប៉ារីស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិច្បាប់៕



