
រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៤វិច្ឆិកានេះ លោក ហ្សូរ៉ាន ឌីមីទ្រូវស្គី (Zoran DIMITROVSKI) អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព…។

ក្នុងឱកាសជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសម៉ាសេដ្វាន ក៏បានគូសបញ្ជាក់ ពីសារសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងការពង្រីកទំនាក់ទំនង លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ តាមរយៈយន្តការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សាធារណរដ្ឋម៉ាសេដ្វានខាងជើង និងកម្ពុជា នឹងកាន់តែមានកាលានុវត្តភាពច្រើនបន្ថែមទៀត ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រទេសទាំងពីរ មានវិស័យសក្ដានុពលជាច្រើនទៀត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ,ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា ពេលនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំ ក្នុងវេទិកាពហុភាគី នៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ក៏ដូចជាបានផ្តល់នូវឱកាសបន្ថែមទៀតក្នុងការពង្រឹង-ពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអនុរដ្ឋមន្ត្រីសាធារណរដ្ឋម៉ាសេដ្វានខាងជើង បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីជំរុញ និងរៀបចំឱ្យមានយន្តការពិគ្រោះយោបល់នយោបាយជាផ្លូវការ សំដៅកំណត់វិស័យសក្ដានុពលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួមនៃប្រទេសកម្ពុជា និងសាធារណរដ្ឋម៉ាសេដ្វានខាងជើង៕






