អង្គការយូណេស្កូ បន្តផ្ដល់ជំនួយចាំបាច់នានាដល់​កម្ពុជា ពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌
S
Sreyleak Yith
•
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ខាលេដ អ៊ែល-អ៊ីណានី (Khaled El-Enany) អគ្គនាយកអង្គការយូណេស្កូ នៅវិមានសន្តិភាព…។ 

អគ្គនាយកអង្គការយូណេស្កូ បានលើកទ្បើងថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-យូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្រ្ត។ លើសពីនេះ យូណេស្កូ ក៏នឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀត​ដល់ពលរដ្ឋខ្មែរ​។​ ផ្អែកលើជោគជ័យនៃកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល​កម្ពុជា កន្លងមក អង្គការយូណេស្កូ នឹងបន្តគាំទ្រ ក៏ដូចជាផ្ដល់ជំនួយចាំបាច់ដល់ប្រទេសកម្ពុជា លើកិច្ចការជាច្រើនបន្ថែមទៀត ជាពិសេស លើការអភិរក្សបេតិកភណ្ឌវប្បធម៌។

លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ  
លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ  

សម្តេចនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូ ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ជាសម្បត្តិរួមរបស់មនុស្សជាតិ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការ ការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់វង្ស នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រ​របស់ជាតិ​ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិ។ហើយសារសំខាន់នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌ មិនត្រឹមតែសម្រាប់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ ក្នុងការបន្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​។​ ជាមួយគ្នា សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ លោកអគ្គនាយក និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមពិធីប្រារព្ធខួប៧៥ឆ្នាំនៃសមាជិកភាពកម្ពុជា ក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត