
រាជធានីភ្នំពេញ៖ នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់បណ្ដារដ្ឋមន្រ្តីមកពីទូទាំងពិភពលោក ពីសារសំខាន់នៃសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជា លើកឡើងដូច្នេះ ស្របពេលកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញវិញ ក្រោយការឈ្លានពាន និងបន្តកាន់កាប់តំបន់ជាច្រើនកន្លែងដោយយោធាថៃ...។

ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ថា ការបន្តកសាងសន្តិភាព មានន័យថា ជាការទប់ស្កាត់វិបត្តិ ការគាំទ្រដល់ការសម្រុះសម្រួល និងការជួយសម្រួលដល់ការផ្សះផ្សា។ លោកឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ការរក្សា និងការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ ពិតជាមានសារសំខាន់ខ្លាំងណាស់។ លោកអះអាងបន្ថែមដូច្នេះថា៖«សន្តិភាពមិនអាចពឹងផ្អែក តែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី»។

លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា នៅថ្ងៃទី១៥វិចិ្ឆកាស្អែកនេះ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងជួបប្រជុំគ្នាក្រោមមូលបទមួយ ដែលកម្ពុជាលើកឡើងប្រកបដោយជំនឿចិត្តយ៉ាងមុតមាំ គឺ៖«វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ សូមជម្រាបថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ភាគីថៃ ដែលត្រូវបានគេដឹងថា កំពុងឈ្លានពានកាប់កាន់ទឹកដីកម្ពុជា ច្រើនទីតាំង ក៏បានបញ្ជូនមន្រ្តីខ្លួន លោក ធនជ័យ វជ្ជរវរកម្ម (นายธนะชัย วชิระวรกรรม) ចុះមកសង្កេតការណ៍ក្នុងកិច្ចប្រជុំនេះផងដែរ។ មុនឈានដល់កិច្ចប្រជុំប៉ុន្មានថ្ងៃ លោក សីហាសាក់ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃ បានបង្ហាញក្ដីបារម្ភខ្លាចកម្ពុជាលើកយករឿងដែលខ្លួនឈ្លានពានដីខ្មែរ មកនិយាយនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ រដ្ឋមន្រ្តីរូបនេះបានជំរុញឱ្យកម្ពុជា ចៀសវាងការលើកយកបញ្ហាព្រំដែនចូលកិច្ចពិភាក្សា៕







