
រាជធានីបាងកក៖ រាជរដ្ឋាភិបាលរាជធានីបាងកក និងទាហានថៃ ធ្លាប់បង្កើតសោកនាដកម្មលើភ្នំដងរ៉ែក ឬភ្នំខ្មោច បានក្លាយទៅជា«វាលពិឃាដទី២»នៅកម្ពុជា មកលើជនភៀសខ្លួនខ្មែរ ដែលបានរត់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសុំជំនួយ សម្រាប់ការរស់រានមានជីវិត គេចចេញពីការកាប់សម្លាប់យ៉ាងរង្គាល និងការវាយប្រយុទ្ធគ្នា។ ប៉ុន្ដែផ្ទុយទៅវិញ ទាហានសៀម បានបោកបញ្ឆោតជនភៀសខ្លួនខ្មែរ ថា នាំទៅប្រទេសទី៣ រួចហើយបានដឹកតាមរថយន្ដ នាំទៅទម្លាក់ចោលនៅលើភ្នំដងរ៉ែក បានបណ្ដាលឱ្យស្លាប់មនុស្សរាប់ម៉ឺននាក់ ខណៈបច្ចុប្បន្នពួកគេកំពុងបោកបញ្ឆោតក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអ្នកកាសែត ទៅកាត់អតីតជំរំជនភៀសខ្លួនខ្មែរ ជាមួយនឹងការអះអាង មិនខុសពីចិត្តជាទេវទត្ដមាត់ជាទេវតា ថា បានជួយកម្ពុជាសម្បើមណាស់...។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានចេញផ្សាយកាលពីយប់ថ្ងៃសុក្រទី១៤វិច្ឆិកា ថា កងទ័ពជើងគោកភូមិន្ទថៃ បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងបរទេស ទៅកាន់អតីតជំរំជនភៀសខ្លួនកម្ពុជាមួយកន្លែង ស្ថិតក្នុងខេត្តស្រះកែវ កាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងការលើកឡើង អំពីជំនួយមនុស្សធម៌ ដែលថៃបានផ្ដល់ជូនជនភៀសខ្លួនកម្ពុជា ជាង១៦០ ០០០នាក់ កាលពីអតីតកាល នៅក្នុងគ្រាដែលមានភាពតានតឹង នៅតែបន្តកើតមាន តាមបណ្តោយព្រំដែន រវាងកម្ពុជា-ថៃ។ ការនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ជំរំមជ្ឈមណ្ឌលសិក្សាប្រវត្ដិសាស្ត្រខាវអ៊ីដេង (เขาอีแดง) ស្ថិតក្នុងស្រុកគោកធ្យូង (โคกสูง) ខេត្តស្រះកែវ ដោយទាហានថៃ កើតឡើងចំពេលមានភាពចម្រូងចម្រាស ជុំវិញខ្សែភាពយន្តខ្មែររឿង «សោកនាដកម្មភ្នំខ្មោច ឬវាលពិឃាដទី២» របស់កម្ពុជា នៅភ្នំខ្មោច ដែលបានបង្ហាញអំពីព្រឹត្តិការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងមានការផ្សព្វផ្សាយ ដោយសំដៅដល់ទាហានថៃ។

លោកឧត្ដមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី (วินไทย สุวารี) អ្នកនាំពាក្យកងទ័ពជើងគោកថៃ បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានរៀបចំឡើងក្រោមការណែនាំរបស់មេបញ្ជាការកងទ័ព គឺឧត្តមសេនីយ៍ឯក ផាណា ក្លៅផ្លតធុក (พนา แคล้วปลอดทุกข์) ដោយមានឧត្តមសេនីយ៍ឯក ធីរនន្ន នន្ថក្វាង (ธีรนันท์ นันทขว้าง) សេនាធិការរងកងទ័ពជើងគោក ជាអ្នកដឹកនាំគណៈប្រតិភូ។ គណៈប្រតិភូទាំងនេះ រាប់បញ្ចូលទាំងក្រុមអ្នកសង្កេតការណ៍ នៅក្នុងប្រទេសថៃ (AOT-TH) ក្រុមអ្នកសារព័ត៌មានថៃ និងបរទេស។

បើតាមកងទ័ពជើងគោកថៃ បានឱ្យដឹងថា ជំរំខៅអ៊ីដេង ធ្លាប់ជាជំរំជនភៀសខ្លួន មកពីប្រទេសកម្ពុជា ជាង១៦០ ០០០នាក់ ដែលបានរត់គេចខ្លួនចេញពីជម្លោះ ការវាយប្រយុទ្ធគ្នា និងគ្រោះអត់ឃ្លាននៅប្រទេសកម្ពុជា។ ជំរំជនភៀសខ្លួនមួយនេះ មានទំហំជាង៤០០រ៉ៃ (ខ្នាតថៃ) ឬស្មើនឹងជាង៦៤ហិកតា។ ប្រទេសថៃ បានផ្តល់ទីជម្រកបណ្តោះអាសន្ន និងសហការជាមួយអង្គការអន្តរជាតិនានា ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ទឹកផឹក ការព្យាបាលសុខភាព និងជំនួយចាំបាច់ផ្សេងៗទៀត ព្រមទាំងក៏បានថែរក្សាសន្តិសុខ នៅតាមបណ្តោយព្រំដែន។ គណៈប្រតិភូទាំងនេះ បានស្ដាប់នូវការសង្ខេប អំពីប្រវត្តិអតីតជំរំនេះ និងតួនាទីផ្នែកមនុស្សធម៌របស់ប្រទេសថៃ នៅមុនពេលធ្វើដំណើរទៅកាន់ប៉ុស្តិ៍យោធានន្ថវង្ស (นันทวงศ์) នៅតំបន់ភូមិណងចាន់ (บ้านหนองจันทร์) ស្ថិតក្នុងឃុំណូម៉ាកមុន (โนมักมุน)។

កងទ័ពជើងគោកថៃ បានអួតអាងថា តំបន់ណងចាន់ ដើមឡើយ ប្រើប្រាស់ជាទីជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសខ្លួនកម្ពុជា ដែលបានរត់គេចចេញពីសង្គ្រាម។ ទោះជាយ៉ាងណា អ្នកស្រុកមួយចំនួន បានបន្តរស់នៅក្នុងតំបន់នោះ ហើយបានពង្រីកដីកសិកម្ម និងសំណង់នានារបស់ពួកគេ ចូលទៅក្នុងទឹកដី ដែលប្រទេសថៃចាត់ទុកថា ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន។ លោក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចោទប្រកាន់កម្ពុជា អំពីការផ្ដល់ព័ត៌មានដែលនាំឱ្យមានការភ័ន្ដច្រឡំ អំពីស្ថានភាពនៅតាមព្រំដែន នៅក្នុងវេទិកាអន្តរជាតិនានា រួមទាំងស្ថានភាពនៃតំបន់មានជម្លោះ និងចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ទន្ទឹមគ្នា ប្រទេសថៃ នៅតែរក្សាការប្ដេជ្ញាចិត្ត ចំពោះគោលការណ៍មនុស្សធម៌ ស្របពេលការពារអធិបតេយ្យភាព និងសុវត្ថិភាពសាធារណៈរបស់ខ្លួន ហើយនឹងបន្តស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះជម្លោះព្រំដែន ក្រោមច្បាប់ដែលមានស្រាប់ និងកិច្ចព្រមព្រៀងទ្វេភាគី។(Sic)

សូមរម្លឹកឡើងវិញថា ជម្លោះព្រំដែនចុងក្រោយ ចំនួន២លើក កាលពីឆ្នាំ២០២៥ បានបង្កឡើងដោយទាហានថៃ ដោយលើកទីមួយ ចន្លោះពីថ្ងៃទី២៤-២៨ ខែកក្កដា និងលើកទី២ ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ។ នៅក្នុងជម្លោះទាំង២នេះ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នា លើបទឈប់បាញ់ ដើម្បីស្ដារស្ថានការណ៍ នៅតាមព្រំដែនឡើងវិញ ប៉ុន្ដែភាគីថៃ តែងតែរំលោភបំពានឥតឈប់ឈរ បណ្ដាលឱ្យស្ថានការណ៍តានតឹងដាក់គ្នា រហូតមកដល់សព្វថ្ងៃ។ បើក្រឡេកមើលប្រវត្ដិសាស្ត្រ បង្ហាញថា ក្រោយការដួលរំលំ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ប្រជាជនខ្មែរ ដែលនៅរស់រានមានជីវិត ពីរបបដ៏ឃោរឃៅនេះ បាននាំគ្នារត់ភៀសខ្លួនទៅកាន់តំបន់ព្រំដែនខ្មែរ-ថៃ ដើម្បីសុំជំនួយរស់រានមានជីវិត ពីប្រទេសជិតខាង។ ប៉ុន្ដែអ្វីដែលជនភៀសខ្លួនរបស់ខ្មែររ៉ាប់ម៉ឺននាក់ ទទួលបានត្រឡប់មកវិញ គឺត្រូវអាជ្ញាធរ និងទាហានថៃ បោកបញ្ឆោត ថា នឹងនាំពួកគាត់ទៅកាន់ប្រទេសទី៣។

នៅពេលនោះ ទាហានថៃ បានដឹកជញ្ជូនជនជាតិខ្មែរ នាំទៅចាក់ចោល នៅលើភ្នំដងរ៉ែក ថ្វីបើពួកគេបានដឹងថា នៅទីនោះ ជាចម្ការមីនយ៉ាងណាក៏ដោយ។ រដ្ឋាភិបាល និងទាហានថៃ បានបង្ខំជនភៀសខ្លួនខ្មែរប្រហែល ៤៥ ០០០នាក់ ឱ្យវិលត្រឡប់មកកាន់មាតុភូមិវិញ ដោយត្រូវដើរឆ្លងកាត់ព្រំដែន ចូលទៅក្នុងភ្នំដងរ៉ែក នៅជិតតំបន់ប្រាសាទព្រះវិហារ។ ជាលទ្ធផល នៃសកម្មភាពរបស់ថៃ បានបណ្ដាលឱ្យកើតសោកនាដកម្ម នៅលើភ្នំដងរ៉ែក ក្រោយមកតំបន់ភ្នំនោះ ត្រូវបានដាក់ឈ្មោះថា «ភ្នំខ្មោច» ដែលបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត រហូតបង្កើតជា«វាលពិឃាដទី២» នៅកម្ពុជា។ ជនភៀសខ្លួនខ្មែរទាំងនោះ បានបាត់បង់ជីវិត ដោយសារការដើរជាន់គ្រាប់មីន គ្រោះអត់ឃ្លាន គ្រោះធម្មជាតិផ្សេងៗ…។ល។

មួយវិញទៀត ការដែលថៃអនុញ្ញាតឱ្យបង្កើតជំរំជនភៀសខ្លួនខ្មែរ នៅក្បែរទឹកដីថៃ ក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានានោះ មិនមែនថៃ មានចិត្តសប្បុរសធម៌ឡើយ។ តាមពិតទៅ ប្រទេសថៃ បានយកជនភៀសខ្លួនជាជនជាតិខ្មែរ ជាង១៦០ ០០០នាក់នោះ ធ្វើជាខែលការពារ ទប់ស្កាត់ដល់កងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលកម្ពុជា សម័យនោះ កុំឱ្យវាយលុកចូលទៅទឹកដីខ្លួន ដោយយកជនភៀសសឹកខ្មែរ ធ្វើជាកំពែងការពារប្រទេសថៃប៉ុណ្ណោះ។ បន្ថែមពីលើនេះ ថៃក៏បានកេងចំណេញលើក្រុមចលនាតស៊ូខ្មែរ ពីការស្ដុកទុក និងនាំចូលអាវុធថែមទៀតផង៕





