
រដ្ឋធានីប៉េកាំង៖ ស្របពេលមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ កាន់តែតានតឹងខ្លាំងឡើង ការគោរពសណ្ដាប់ធ្នាប់ពិភពលោក កំពុងធ្លាក់ចុះ បញ្ហាអសន្ដិសុខកំពុងកើនឡើង ការព្រួយបារម្ភអំពីសង្គ្រាមលោក បញ្ហាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន បាននិងកំពុងបង្កភាពវឹកវរដល់សេដ្ឋកិច្ច និងវិបត្ដិប្រេងសកលយ៉ាងចាក់ស្រែះ។ យ៉ាងណា មេដឹកនាំមហាអំណាចកំពូលទាំង៣របស់ពិភពលោក គ្រោងនឹងជួបគ្នា នៅប្រទេសចិន ដោយរំពឹងថា មេដឹកនាំមហាអំណាចទាំងនេះ នឹងលើកយកបញ្ហាធំៗទាំងនោះ មកជជែកគ្នាដោះស្រាយ ដើម្បីបន្ធូរបន្ថយភាពតានតឹង...។

បណ្ដាញទូរទស្សន៍សហរដ្ឋអាម៉េរិក NBC News បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកានេះថា មេដឹកនាំមហាអំណាចកំពូលទាំង៣ សហរដ្ឋអាម៉េរិក ចិន និងរុស្សី មានផែនការជួបគ្នានៅថ្ងៃព្រហស្បតិ៍ទី១៩វិច្ឆិកា សប្ដាហ៍ក្រោយ នៅខាងក្រៅកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation) ហៅកាត់ «APEC» ក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន។ សេតវិមានបញ្ជាក់កាលពីថ្ងៃសុក្រ ថា ជំនួបមួយដែលមិនធ្លាប់មានពីមុនមក រវាងមេដឹកនាំសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី គ្រោងនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ិនជិន នាសប្តាហ៍ក្រោយនេះ។

ជំនួបនៃមេដឹកនាំមហាអំណាចកំពូលទាំង៣ ដែលនឹងជួបពិភាក្សារួមគ្នា បានក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយយ៉ាងណាក្ដី ក៏ក្រុមអ្នកវិភាគលើកឡើងថា ឱកាសនៃកិច្ចពិភាក្សាដែលនឹងនាំទៅរករបកគំហើញ ឬលទ្ធផលផ្លាស់ប្ដូរដ៏ធំដុំនោះ គឺមានកម្រិតទាបណាស់។ ក្រុមអ្នកវិភាគយល់ឃើញថា ព្រឹត្តិការណ៍នេះ នឹងមានលក្ខណៈគ្រាន់តែជានិមិត្តរូប ច្រើនជាងខ្លឹមសារជាក់ស្តែង ព្រោះប្រទេសមហាអំណាចទាំងបីនេះ រមែងប្រកួតប្រជែងគ្នា ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាងគិតដល់សមិទ្ធផលសកល។ ដោយឡែក លោកស្រី អូលីវៀ វ៉ែលស៍ (Olivia Wales) អ្នកនាំពាក្យរងនៃសេតវិមាន បានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបប្រជុំត្រីភាគី រវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រធានាធិបតី នៃសហព័ន្ធន៍រុស្ស៊ី។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏គ្រោងនឹងពិភាក្សា អំពី«ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ» ជាមួយនឹងការបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាម៉េរិក ចាត់ទុកការរីកសាយភាយអាវុធប្រភេទនេះជារឿងគ្រោះថ្នាក់បំផុត សម្រាប់ពិភពលោកទាំងមូល។ នៅក្នុងន័យស្រដៀងគ្នានេះ លោក ត្រាំ បានព្យាយាមកសាងទំនាក់ទំនងជាមួយមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ទោះបីជាមេដឹកនាំរុស្ស៊ី នៅបន្តធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជិត៥ឆ្នាំមកហើយក្ដី។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលរដ្ឋធានីមូស្គូ ក៏បានពង្រឹងភាពជាដៃគូផ្នែកយោធា ផ្នែកស៊ើបការណ៍សម្ងាត់ និងផ្នែកការទូត ជាមួយប្រទេសអ៊ីរ៉ង់ កាន់តែស៊ីជម្រៅថែមទៀត ដែលធ្វើបញ្ហាអ៊ីរ៉ង់ កាន់តែស្មុគស្មាញ។ លោក ត្រាំ អះអាងថា ជំនួបបែបនេះ នឹងផ្តល់ឱកាសឱ្យមេដឹកនាំទាំង៣ ពិភាក្សាគ្នាអំពីជម្លោះ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងគោលដៅរបស់លោក នៅក្នុងការឈានទៅរកកិច្ចព្រមព្រៀងត្រីភាគីមួយ ពាក់ព័ន្ធនឹងឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ប្រទេសមហាអំណាចទាំង៣។

បើតាមការប៉ាន់ប្រមាណរបស់មន្ទីរបញ្ចកោណ (Pentagon) នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រដ្ឋធានីប៉េកាំង មានក្បាលគ្រាប់ជាង៦០០គ្រាប់ គឺមានចំនួនតិចជាងឆ្ងាយ បើធៀបនឹងចំនួនដែលសហរដ្ឋអាម៉េរិក និងរុស្ស៊ីមាន។ សហរដ្ឋអាម៉េរិក និងរុស្ស៊ី ត្រូវគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់ជាង ៥០០០គ្រាប់ នៅក្នុងប្រទេសនីមួយៗ។ ប៉ុន្ដែដោយសារឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងរុស្ស៊ី មានទំហំធំច្រើនជាងខ្លាំងនោះ ប្រទេសចិន ហាក់មិនសូវចាប់អារម្មណ៍ នៅក្នុងការបង្កើតកិច្ចព្រមព្រៀង ទាក់ទងនឹងអាវុធនុយក្លេអ៊ែរនេះឡើយ៕





