
រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូ និងក្រុមច្បាប់ចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ (UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី...។

លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងនាមជាភ្នាក់ងារកម្ពុជា ខណៈលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជាជាច្រើនរូបទៀត។ ភាគីកម្ពុជា និងថៃ នឹងថ្លែងសុន្ទរកថា បើក នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី១៥ ខែកញ្ញា ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង៩:០០ព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី) ហើយនឹងបើកផ្សាយដោយផ្ទាល់ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ កិច្ចប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ត្រូវបានភាគីកម្ពុជា ចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងដំណើរតាមសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្ទ រវាងកម្ពុជា និងថៃ។

សូមជម្រាបថា កម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគី នូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលប្រទេសទាំងពីរបានប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្ទត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការបញ្ចប់ដោយឯកតោភាគី នូវក្របខ័ណ្ឌកិច្ចព្រមព្រៀងដែនសមុទ្ទជាមួយកម្ពុជា ធ្វើឡើងស្របពេលយោធាថៃកំពុងឈ្លានពាន និងបន្តកាន់កាប់ទឹកដីកម្ពុជា តាមបណ្ដោយព្រំដែនដោយខុសច្បាប់ជាច្រើនទីតាំង៕






