
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងត្រូវមានបេសសកម្មចេញក្រៅប្រទេសដល់ទៅជាងមួយសប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី២៤ដល់ចុងខែឧសភានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ប្រទេសតួកគី និងចូលរួមកិច្ចប្រជុំសហគ្រិនហ្វង់កូហ្វូន នៅប្រទេសម៉ារ៉ុក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃពុធទី២២ឧសភា ឆ្នាំ២០២៤។

ក្នុងនោះចាប់ពីថ្ងៃទី២៤ដល់២៥ ខែឧសភា រដ្ឋមន្ត្រីការបរទេស នឹងធ្វើដំណើរទៅទស្សនកិច្ចប្រទេសជាទីដែលលោកនឹងជួបជាមួយសមភាគី លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ អ្នកទាំងពីរ នឹងជួបគ្នាពិភាក្សាទ្វេភាគី ដើម្បីជជែកអំពីវិធីឆ្ពោះទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជំរុញចំណងមិត្តភាពដែលមានស្រាប់ និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ ឯកឧត្តម សុខ ចិន្តាសោភា គ្រោងនឹងជួបលោក ហាន ហ្សេង HAN Zheng អនុប្រធានាធិបតីនៃប្រទេសចិន បន្ទាប់មកជួបជាមួយ លោក ចាង ជៀនហួ ZHANG Jianhua សមាជិកបក្សកុម្មុយនីស្ដនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន។ លោកក៏គ្រោងនឹងជួបជាមួយនិស្សិតខ្មែរ ដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង និងទីក្រុងធានជីនផងដែរ។

បន្ទាប់មកនៅថ្ងៃទី២៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងបន្តដំណើរឆ្លងទ្វីបទៅតំបន់អឺរ៉ុប ពោលគឺទៅប្រទេសតួកគី។ ឯកឧត្តម នឹងចូលរួមពិសាអាហារថ្ងៃត្រង់ធុរកិច្ច ដើម្បីពិភាក្សាអំពីសក្តានុពលនៃការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងតួកគី។ នៅថ្ងៃទី២៨ឧសភា លោកក៏នឹងចូលជួបសម្ដែងការគួរសម និងជួបពិភាក្សាដាច់ដោយឡែកជាមួយឥស្សរជនតួកគី មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ បន្ទាប់មកនៅថ្ងៃទី២៩ឧសភា ឯកឧត្តមនឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាក់កាន់ ហ្វីដាន់។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងរិះរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹងយន្តការដែលមានស្រាប់ និងកំណត់វិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ លោកទាំងពីរ ក៏នឹងផ្លាស់ប្ដូរទស្សនស្តីពីការវិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ស្របពេលពិភពលោកកំពុងមានជម្លោះ និងអស្ថិរភាព។ បន្ថែមពីលើនេះ ឯកសារកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ចុងក្រោយ នៅប្រទេសម៉ារ៉ុកចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ឧសភា ឯកឧត្តមនឹងធ្វើបទអន្តរាគមន៍ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ក្រោមមូលបទ «ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការគាំទ្រអ្វីខ្លះ ពីរដ្ឋាភិបាល?»។ បន្ទាប់មកមុនត្រឡប់មកកម្ពុជាវិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការមួយនេះ ជាពិសេសជជែកពីបេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ផងដែរ៕



