ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទ CMF លើកទី៤៦ នៅសាធារណរដ្ឋរវ៉ាន់ដា រយៈពេល២ថ្ងៃ
S
Soriya Sou
16 វិច្ឆិកា 2025 01:00 PM

រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (សន្និសីទ CMF) លើកទី៤៦ នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥...។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស បានឱ្យដឹងនៅយប់ថ្ងៃទី១៥វិច្ឆិកាថា សន្និសីទ CMF លើកទី៤៦ ជាឱកាសមួយសម្រាប់រដ្ឋមន្ត្រី នៃប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងអ្នកចូលរួមទាំងអស់ អាចផ្លាស់ប្ដូរយោបល់អំពីបញ្ហាប្រឈម ទាក់ទងនឹងការវិវត្តនៃស្ថានភាពស្ត្រីនៅក្នុងប្រទេសហ្វ្រង់កូហ្វូនី ព្រមទាំងគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញានានា ដែលត្រូវបានអនុម័តកំលុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ឆ្នាំ២០២៤។ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនសន្និសីទនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ។ ប្រមុខការទូតកម្ពុជា ក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវអគ្គលេខាធិការអង្គការ OIF ព្រមទាំងរដ្ឋមន្ត្រីមួយចំនួនទៀត នៃបណ្តាប្រទេសសមាជិក OIF ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ 

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក Olivier J.P. NDUHUNGIREHE រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា មុនសន្និសីទ CMF លើកទី៤៦ មួយថ្ងៃ ពោលនៅថ្ងៃទី១៨វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា។ ក្នុងកំលុងពេលទស្សនកិច្ចនោះ ប្រមុខការទូតនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នារវាងក្រសួងទាំងពីរ ជាជំហានដ៏សំខាន់ឆ្ពោះទៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា៕

លោក Olivier J.P. NDUHUNGIREHE រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា។
លោក Olivier J.P. NDUHUNGIREHE រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋរវ៉ាន់ដា។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត