អ្នកការទូតជាន់ខ្ពស់កម្ពុជា ថ្លែងថាទ័ពមួកខៀវកម្ពុជាមានគុណសម្បត្តិ៤យ៉ាងធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ
SBM News
07 មករា 2022 11:00 AM

ប្រមុខការទូត​​កម្ពុជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការលះបង់របស់កងទ័ពមួកខៀវកម្ពុជា ក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ប្រមុខការទូត​​កម្ពុជា​ ឯកឧត្តម ប្រាក់ សុខុន បាន​សម្តែង​ការ​កោតសរសើរដូច្នេះ ក្នុងពេលចុះត្រួតពិនិត្យសំណង់អគារកម្ពស់១៨ជាន់របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជួបសំណេះសំណាលទ័ពមួកត្រៀមបញ្ជូនបំពេញបេសកកម្មនៅប្រទេសលីបង់ និងសាធារណៈអាហ្វ្រិកកណ្តាល។

នុង​ឱកាស​នោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា ទ័ពមួកខៀវកម្ពុជា មានគុណសម្បត្តិ៤យ៉ាងធ្វើឱ្យកម្ពុជាទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសលើឆាកអន្តរជាតិ។ ទី១ គ្រប់ទ័ពមួកខៀវកម្ពុជា មានការស្ម័គ្រចិត្តចូលរួមរក្សាសន្តិភាពនៅក្រៅប្រទេសដោយមិនមានការបង្ខិតបង្ខំ ទី២ មានសាមគ្គីភាពល្អ ទី៣ ហ៊ានពលិកម្ម ដើម្បីបុព្វហេតុសន្តិភាពពិភពលោក និងទី៤ សេចក្តីក្លាហានរបស់កងទ័ពមួកខៀវកម្ពុជា។

ក្នុងរយៈពេល១៦ឆ្នាំនេះ ពោលគិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន។ ដោយឡែក នៅឆ្នាំ ២០២១ និង ២០២២ ទាហានមួកខៀវកម្ពុជាជិត ៨០០ នាក់កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងម៉ាលី។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌល​ជា​តិគ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាត​មីន ​និង​កាក​សំណល់​សង្គ្រាម។

សូមបញ្ជាក់ថា តាមរយៈចំនួនកងទ័ពមួកខៀវកម្ពុជាដែលបានបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានធ្វើឱ្យកម្ពុជាទទួលបានលំដាប់លេខទី១៣ លើ១២២ប្រទេស និងលេខ២ក្នុងអាស៊ាន៕

រូបភាពពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត