អាជ្ញាកណ្ដាល ចាន់ ចំរ៉ុង រងការពិន័យទណ្ឌកម្ម២សប្តាហ៍ ក្រោយផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់
Chanmarady Chuon
•
14 វិច្ឆិកា 2026 01:00 PM

គុនខ្មែរ៖ បន្ទាប់ពីមានការជជែកដេញដោល និងផ្ទុះការរិះគន់យ៉ាងក្ដៅគគុកពីសំណាក់អ្នកគាំទ្រវិស័យកីឡាប្រដាល់ ជុំវិញការដឹកនាំបញ្ជាការប្រកួតរបស់អាជ្ញាកណ្ដាលលើសង្វៀន លោក ចាន់ ចំរ៉ុង ក្នុងជំនួបមិត្តភាពអន្តរជាតិលើវិញ្ញាសាឃីកបុកស៊ីង នាសង្វៀនកំពូលអ្នកចម្បាំងកម្ពុជា កាលពីយប់សុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងអ្នកប្រដាល់គុនខ្មែរស៊េរីចាស់ ឡោ សំណាង ជាមួយកីឡាករបរទេស រ៉ាកេត អាប់ដេលហ្គានី ក្រោយអាជ្ញាកណ្ដាលរូបនេះ បណ្ដែតបណ្ដោយមិនព្រមចូលអន្តរាគមន៍ការប្រកួត ឱ្យបានទាន់ពេលវេលា ទាំងដែលឃើញកីឡាករកម្ពុជា បាត់បង់ស្មារតីទៅហើយនោះ…។

សូមរម្លឹកថយក្រោយបន្តិចថា ជំនួបដ៏ស្វិតស្វាញរវាងកីឡាករ ឡោ សំណាង និងកីឡាករ រ៉ាកេត អាប់ដេលហ្គានី បានឈានដល់ទីបញ្ចប់ត្រឹមទឹកទី២តែប៉ុណ្ណោះ ក្រោយកីឡាករគុនខ្មែររូបនេះ រងនូវស្នៀតជង្គង់របស់ដៃគូចំនួន២ជង្គង់ផ្ទួនៗពេញផ្ទៃមុខ រហូតបាត់បង់ស្មារតីឈរលែងនឹង មុនត្រូវដៃគូថែមមួយជង្គង់ទី៣ ចំដងខ្លួន បណ្ដាលឱ្យដួលសន្លប់បាត់មាត់ឈឹង នៅលើក្ដារតាបពី។ ទាល់តែឃើញសភាពធ្ងន់ធ្ងរទៅហើយ ទើបអាជ្ញាកណ្ដាល ចាន់ ចំរ៉ុង សម្រេចចូលរាប់ និងបញ្ឈប់ការប្រកួត។

សកម្មភាពយឺតយ៉ាវនេះ បានធ្វើឱ្យមហាជន និងអ្នកស្នេហាវិស័យប្រដាល់ សម្ដែងការហួសចិត្ត និងចោទជាសំណួរចំៗ​ ទៅកាន់ស្ថាប័នពាក់ព័ន្ធថា៖ «តើអាជ្ញាកណ្ដាល ចាន់ ចំរ៉ុង ពិតជាទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស និងច្បាប់អាជ្ញាកណ្ដាល ពីសហព័ន្ធឃីកបុកស៊ីងត្រឹមត្រូវដែរឬទេ? ហេតុអ្វីបានជាបណ្ដោយឱ្យកីឡាកររងគ្រោះថ្នាក់ដល់ថ្នាក់បាត់បង់ស្មារតី នៅតែមិនព្រមចូលឃាត់ទៀត..?» ដោយឡែក ក្រោយបញ្ចប់ការប្រកួត កីឡាករ ឡោ សំណាង ដែលជាគ្រូបង្វឹកប្រចាំក្លិបប្រដាល់ ឡោ សំណាង គុនខ្មែរ ផងនោះ បានបង្ហោះសារនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកានេះ ដោយបង្ហាញពីភាពចាស់ទុំ និងទទួលយកគ្រប់មតិយោបល់ថា៖«ខ្ញុំទទួលយកការរិះគន់ពាក្យធ្ងន់ៗពីបងប្អូនបាន ដើម្បីយកមកកែប្រែ»។

ទោះជាយ៉ាងណា ជំនួសឱ្យការបន្ទោសកីឡាករ អ្នកគាំទ្រភាគច្រើនបែរជាចូលទៅផ្ដល់កម្លាំងចិត្ត និងលើកឡើងស្រដៀងៗគ្នាថា ការប្រកួតនេះ កីឡាករ ឡោ សំណាង មិនបានធ្វើអ្វីខុសនោះទេ ផ្ទុយទៅវិញ កំហុសឆ្គងផ្នែកបច្ចេកទេស និងការធ្វេសប្រហែសចំពោះសុវត្ថិភាពកីឡាករ គឺស្ថិតនៅលើការដឹកនាំការប្រកួតរបស់អាជ្ញាកណ្ដាល និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធឃីកបុកស៊ីង ទៅវិញទេ។ ជុំវិញបញ្ហានេះ លោក ហេង សុឃន ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ភាគីសហព័ន្ធ នឹងសម្រេច ដាក់ពិន័យព្យួរឈ្មោះ និងបញ្ឈប់ការបំពេញតួនាទីជាអាជ្ញាកណ្ដាលចំពោះ លោក ចាន់ ចំរ៉ុង រយៈពេល២សប្ដាហ៍ ជាវិធានការបឋម ខណៈមន្ត្រីរូបនេះ នៅមិនទាន់ត្រូវបានកោះហៅមកធ្វើការអប់រំ និងចុះកិច្ចសន្យាកែប្រែឥរិយាបថវិជ្ជាជីវៈនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត