ណើន ស្រីណា ត្រៀមទៅដណ្តើមខ្សែក្រវាត់ WKN នៅទុយនេស៊ី ខណៈលោក សឿ វណ្ណៈ ដាក់ផែនការធំចង់បញ្ជូនអត្តពលិកគុនខ្មែរទៅអង្រួនសង្វៀន K-1
Chanmarady Chuon
•
9 ម៉ោងមុន

គុនខ្មែរ៖ កីឡាការិនីជម្រើសជាតិគុនខ្មែរ ណើន ស្រីណា មានស្រុកកំណើតមកពីស្រុកស្វាយដង្គំ ក្រុងសៀមរាប កំពុងត្រៀមខ្លួនតំណាងកម្ពុជា ចេញទៅដណ្តើមខ្សែក្រវាត់ WKN ប្រភេទទម្ងន់ Bantamweight (៥២,៦គីឡូក្រាម) នៅប្រទេសទុយនេស៊ី នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៧ ខាងមុខ…។

បើតាមការបញ្ជាក់ពីលោក សឿ វណ្ណៈ ស្ថាបនិកគុនខ្មែរ ស៊ូភើហ្វៃត៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រៅពីកីឡាការិនី ណើន ស្រីណា ក៏នឹងមានកីឡាករគុនខ្មែរ២រូបទៀត ត្រៀមខ្លួនអមដំណើរចេញទៅប្រកួតនៅថ្ងៃជាមួយគ្នានោះដែរ ប៉ុន្តែសមាសភាពកីឡាករទាំង២រូប នៅមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ ដោយសារស្ថិតក្នុងដំណាក់កាលចរចានៅឡើយ។ កីឡាការិនី ណើន ស្រីណា មានកម្ពស់១,៧១ម៉ែត្រ ត្រូវបានគេស្គាល់ថា ជាកីឡាការិនីដែលមានភាពរហ័សរហួន និងមានបច្ចេកទេសល្អ។ ទោះបីជាប្រឡូកក្នុងវិស័យគុនខ្មែរទើបតែបានប្រហែល២ឆ្នាំក៏ដោយ ប៉ុន្តែរូបនាងធ្វើបានយ៉ាងល្អ ដោយប្រកួតបាន១៥ដង ឈ្នះ១២ដង និងចាញ់៣ដង និងរក្សាបានកំណត់ត្រាមិនរងបរាជ័យជាមួយកីឡាករិនីបរទេស លើការប្រកួតលក្ខណៈអន្តរជាតិឡើយ។

លោក សឿ វណ្ណៈ បានគូសបញ្ជាក់លើបណ្តាញសង្គមថា ប្រសិនបើ ណើន ស្រីណា អាចគ្រងជ័យជម្នះ និងនាំយកខ្សែក្រវាត់ WKN មកកាន់ប្រទេសកម្ពុជាបាន លោកមានគម្រោងរៀបចំបញ្ជូនកីឡាការិនីឆ្នើមមកពីក្លិបគុនខ្មែរស៊ូភើហ្វៃត៍រូបនេះ ទៅបង្ហាញសមត្ថភាពលើសង្វៀនលំដាប់ពិភពលោក K-1 ដូចសិស្សច្បង លន បញ្ញា និង ធន់ ម៉េងហុង ដែរ។ ស្ថាបនិករូបនេះ បន្តថា លោកចង់រៀបចំឱ្យកីឡាការិនី ណើន ស្រីណា ជួបជាមួយកីឡាការិនីស៊ូភើស្ដារលើសង្វៀន K-1 សញ្ជាតិជប៉ុន វ័យ២៥ឆ្នាំ ដែលមានប្រវត្តិប្រកួតមិនដែលចាញ់សោះ គឺ ម៉ូណា គីម៉ូរ៉ា (Mona Kimura) ម្ចាស់រហស្សនាមរាជិនីរន្ទះជើងកណ្ដូបសេះតែម្ដង។ កីឡាការិនីជប៉ុនរូបនេះ ត្រូវបានមហាជន និងអ្នកស្នេហាកីឡាប្រដាល់ ស្គាល់យ៉ាងច្បាស់ តាមរយៈអាវុធជើងដ៏មានឥទ្ធិពល ដែលកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់តាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។

ទោះជាយ៉ាងណា លោក សឿ វណ្ណៈ កត់សម្គាល់ថា បញ្ហាគីឡូអាចជាឧបសគ្គមួយក្នុងការជំនួបនេះ ដោយសារកីឡាការិនី ណើន ស្រីណា ធ្លាប់ប្រកួតក្នុងប្រភេទទម្ងន់ស្ដង់ដារ៥៤គីឡូក្រាម ខណៈ Mona Kimura ប្រកួតក្នុងទម្ងន់ស្ដង់ដារ៥២គីឡូក្រាម។ ការចរចាឱ្យអ្នកទាំងពីរជួបគ្នា អាចធ្វើទៅបាន លុះត្រាតែកីឡាការិនី ណើន ស្រីណា ទទួលបានជោគជ័យ និងក្លាយជាម្ចាស់ខ្សែក្រវាត់នៅទឹកដីទុយនេស៊ី ជាមុនសិន ដើម្បីបង្កើនក្រេឌីត និងទម្ងន់ក្នុងការចរចា។ ប្រសិនបើការប្រកួតរវាងកីឡាការិនីកម្ពុជា និងកីឡាការិនីជប៉ុន អាចលេចរូបរាងឡើងពិតប្រាកដមែន នោះនឹងក្លាយជាព្រឹត្តិការណ៍ដ៏កក្រើកមួយ សម្រាប់វិស័យគុនខ្មែរលើឆាកអន្តរជាតិ ជាពិសេស ក្នុងបរិបទដែលធនធានកីឡាការិនីគុនខ្មែរ នៅមានកម្រិតនៅឡើយ ធៀបនឹងកីឡាករ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត