
គុនខ្មែរ៖ ក្រោយមានការបញ្ចេញវីដេអូបកស្រាយ យកហេតុផលរៀងខ្លួន រវាងភាគីជម្លោះក្នុងវិថីគុនខ្មែរ រវាងអតីតគ្រូបង្វឹករហស្សនាមជាងកាត់សក់កន្ត្រៃដៃឯក ព្រុំ សំណាង និងសិស្សគុន អតីតកីឡាករ សំណាង ចុងក្រោយ ជុំវិញរឿងប្រើអំពើហិង្សាដោះស្រាយគំនុំចាស់ មហាជនអ្នកគាំទ្រគុនខ្មែរ បានលើកមកជជែកពេញបណ្តាញសង្គម ថាជាទង្វើគ្មានគុណធម៌បំផុតក្នុងនាមជាគ្រូបង្វឹក និងជាអ្នកបណ្ដុះបណ្ដាលថ្នាល់ក្បាច់គុនដូនតា។ មហាជនលើកឡើងថា ទោះសត្វខ្លាកាចសាហាវយ៉ាងណា ក៏មិនស៊ីសាច់កូនឯងដែរ...។

យោងតាមការអះអាងយកត្រូវរៀងខ្លួន គឺលោក ព្រុំ សំណាង ជាកីឡាករ និងជាគ្រូបង្វឹក បានបញ្ជាក់ក្នុងវីដេអូឃ្លីបរបស់លោកថា កីឡាករ ឆេង លៀង ដែលជាអតីតសិស្សរបស់លោកនោះ ត្រូវបាននាំយកមកពីស្រុកកំណើត មកបណ្ដុះបណ្ដាលហ្វឹកហាត់ក្បាច់គុន និងទំនុកបម្រុងសព្វគ្រប់បែបយ៉ាង រួមទាំងការបង្ហាត់បង្រៀន រហូតដល់មានឈ្មោះឡើងប្រកួតតាមបណ្តាសង្វៀននានា ដោយប្រើឈ្មោះថា សំណាង ចុងក្រោយ។ លោក ព្រំ សំណាង គូសបញ្ជាក់ថា ការបង្ហាត់បង្ហាញក្បាច់គុន និងទទួលបានឱកាសឡើងប្រកួតហូរហែ សិស្សម្នាក់នេះគ្មានភាពរីកចម្រើន ដោយឡើងសង្វៀនចាញ់ពិន្ទុ និងចាញ់សន្លប់ជិត១០ដងជាប់ៗគ្នា ទើបរូបគេសម្រេចចិត្តដើរចេញពីក្លិបប្រដាល់របស់លោក ផ្លាស់ទៅក្លិបប្រដាល់ថ្មី និងបានយកបណ្តាញសង្គមជេរប្រមាថលើរូបលោក ដែលជាអ្នកបណ្ដុះបណ្ដាលទៅវិញ។

យ៉ាងណា ជម្លោះរវាងអតីតគ្រូបង្វឹក និងសិស្សគុនរូបនេះ បានផ្ទុះឡើងក្នុងកំលុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣។ ដើមហេតុនៃជម្លោះនេះកើតឡើងកំលុងពេលកូនសិស្សថ្មីរបស់លោក ព្រុំ សំណាង ឡើងប្រកួត ហើយអតីតកីឡាករ សំណាង ចុងក្រោយ ដែលបច្ចុប្បន្នប្តូរឈ្មោះ ឆេង លៀង បានវាយកែងលើសិស្សថ្មីរបស់អតីតគ្រូ ក្នុងពេលអ្នកទាំងពីរជួបគ្នាចៃដន្យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ។ ហេតុការណ៍នេះ ធ្វើឱ្យកីឡាករ ព្រុំ សំណាង ស្ទុះទៅវាយលើអតីតសិស្សមួយកែង សងជំនួសសិស្សវិញ ហើយក៏ជាការដោះស្រាយគំនុំចាស់របស់ខ្លួនផងដែរ ព្រោះអតីតសិស្សគុនរូបនេះ តែងតែចូលមកខម្មិនជេរប្រមាថខ្លួនក្នុងបណ្តាញសង្គមឥតឈប់ឈរ។ នេះបើតាមការបញ្ជាក់របស់លោក ព្រំ សំណាង។

យ៉ាងណា នៅព្រឹកថ្ងៃសុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កីឡាករ សំណាង ចុងក្រោយ ដែលបច្ចុប្បន្នប្តូរឈ្មោះមក ឆេង លៀង បានចេញមកបញ្ជាក់បន្ថែមថា លោក ព្រំ សំណាង ចោទប្រកាន់ខ្លួនគ្មានហេតុផល។ កីឡាកររូបនេះបកស្រាយថា បច្ចុប្បន្ន រូបគេប្រកួតក្នុងទម្ងន់៧១គីឡូក្រាម តើសិស្សរបស់លោក ព្រំ សំណាង មានទម្ងន់ត្រឹមជាង៣០គីឡូក្រាម (ទម្ងន់ក្មេង) អាចរងទម្ងន់ដៃខ្លួនរួចឬ..? និងបានបញ្ជាក់ថា លោក ព្រំ សំណាង ច្បាស់ណាស់មានចេតនាចង់បញ្ចេញកំហឹង និងគំនុំចាស់ ដែលខ្លួនធ្លាប់បានបន្ទោសបង្អាប់សមត្ថភាពប្រកួត និងរិះគន់អតីតគ្រូនេះលើបណ្តាញ។

ទោះជាយ៉ាងណាក៏ដោយ មហាជនគុនខ្មែរ បានលើកជាសំណួរចោទសួរទៅកាន់ ព្រំ សំណាង ថា ឯណាទៅគុណធម៌ក្នុងនាមជាគ្រូបង្វឹក? តួនាទីជាគ្រូបង្វឹក គឺមិនមែនត្រឹមតែជាអ្នកបង្រៀនក្បាច់គុន ឬឆ្លើយតបការឈឺចាប់របស់ខ្លួន ដោយប្រើកម្លាំងបាយទៅលើសិស្ស ឬអតីតសិស្សនោះឡើយ។ គ្រូបង្វឹក ត្រូវតែជាមាតាបិតាទីពីរ ជាអ្នកអប់រំចិត្តសាស្ត្រ និងជាគំរូដ៏ល្អ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ការយកកម្លាំងបាយ ឬប្រើហិង្សាទៅតបតជាមួយអតីតសិស្សរបស់ខ្លួន មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ តែវាបានបង្ហាញពីទង្វើអសមត្ថភាព គ្មានគុណធម៌ និងមិនសក្តិសមជាកីឡាករគំរូក្នុងសង្គម ដែលមានកេរ្តិ៍ឈ្មោះល្បីលើវិថីគុនខ្មែរឡើយ។ ដូច្នេះ ការស្ទុះទៅវាយអតីតសិស្សរបស់ខ្លួនក្នុងពេលនេះ គឺធ្វើឱ្យកិត្តិនាមជាកីឡាករប្រដាល់ជួរមុខរបស់លោក ធ្លាក់ចុះកាន់តែខ្លាំង និងបាត់អស់ប្រជាប្រិយភាព ក្នុងវិស័យប្រដាល់គុនខ្មែរ។

សូមជម្រាបថា ទន្ទឹមនឹងការផ្ទុះជជែកវែកញែកយ៉ាងក្ដៅគគុកលើបណ្តាញសង្គមជុំវិញឥរិយាបទកីឡាករប្រដាល់ជួរមុខ និងជាគ្រូបង្វឹកផងនោះ អ្នកតាមដានវិស័យកីឡាគុនខ្មែរជាច្រើន បានស្នើសុំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ កោះហៅភាគីទាំងសងខាង មកធ្វើការអប់រំ ពិសេស លោក ព្រំ សំណាងផ្ទាល់តែម្ដង។ ដ្បិតថា សកម្មភាពរបស់លោក បានជះឥទ្ធិពលមិនល្អដល់វិស័យគុនខ្មែរ ព្រោះក្រមសីលធម៌សម្រាប់កីឡាករ ពិតជាមានសារសំខាន់ណាស់ក្នុងការជំរុញគុនខ្មែរ ឱ្យមានកេរ្តិ៍ឈ្មោះល្បាញល្បីលើសកលលោក ប៉ុន្តែទង្វើកីឡាករ ព្រំ សំណាង ម្ដងហើយម្ដងទៀត ដដែលជាដដែលបែបនេះ គឺជាគំរូអាក្រក់បំផុតមួយ សម្រាប់កីឡាករគុនខ្មែរជំនាន់ក្រោយ៕



