
យុទ្ធគុនចម្រុះ៖ បន្ទាប់ពីតស៊ូក្នុងអាជីពប្រដាល់ទាំងគុនចម្រុះ គុនខ្មែរ និងឃីកបុកស៊ីងអស់រយៈពេលជាងមួយទសវត្សរ៍ កីឡាករ រិន សារ័ត្ន បានគ្រងខ្សែក្រវាត់គុនចម្រុះ (MMA) ជាលើកដំបូងនៅប្រទេសវៀតណាម។ ប៉ុន្តែខ្សែក្រវាត់នេះ មិនអាចនៅឋិតថេរជាមួយម្ចាស់បានយូរឡើយ ដោយរូបគេត្រូវបំពេញភារកិច្ចឡើងការពារវាវិញ ជាមួយកីឡាករម្ចាស់ផ្ទះវៀតណាម នៅខែក្រោយ...។

គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កីឡាករ រិន សារ័ត្ន បានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅលើសង្វៀនស្ថាប័ន Gods Of Martial Arts (GMA) ក្នុងទឹកដីប្រទេសវៀតណាម ដោយបានប្រកួតឈ្នះពិន្ទុយ៉ាងស្វិតស្វាញ លើកីឡាករម្ចាស់ផ្ទះ ង្វៀន វ៉ូភឿងហូយ (Nguyen Vu Phuong Hoai) គ្រងបានខ្សែក្រវាត់យុទ្ធគុនចម្រុះមួយខ្សែ ជាមួយសិស្សរួមអាជីព គោរមៈ ច័ន្ទរាជ្យ។ ការប្រកួតនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរក្រោម និងវៀតណាម ព្រោះកីឡាករវៀតណាមរូបនោះ មានទាំងក្បាច់ប្រយុទ្ធល្អ កម្លាំងស៊ុសខ្លាំង និងវាយចេញបានរហ័ស។ តែទោះជាយ៉ាងណា ភាពប៉ិនប្រសប់ និងការវាយសន្ធាប់យ៉ាងស្វាហាប់របស់កីឡាករ រិន សារ័ត្ន ធ្វើឱ្យរូបគេបំបែកកំណត់ត្រា ឆ្ពោះទៅកាន់ការគ្រងខ្សែក្រវាត់ GMA គុនចម្រុះកម្រិតអន្តរជាតិ បានដ៏អស្ចារ្យបំផុត។

យោងតាមការបញ្ជាក់ពីស្ថាប័ន GMA បានឱ្យដឹងថា ការប្រកួតប្តូរម្ចាស់ខ្សែក្រវាត់ថ្មីដ៏ក្ដៅគគុកនាខែក្រោយនេះ នឹងចាប់ផ្ដើមនៅម៉ោង៧:០០យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ ព្រឹត្តិការណ៍នោះ នឹងប្រមូលផ្តុំដោយកំពូលអ្នកប្រយុទ្ធឆ្នើមៗ ដោយគូឯកជាការប្រកួតសងសឹកដើម្បីការពារ និងដណ្តើមខ្សែក្រវាត់រវាង រិន សារ័ត្ន ប៉ះជាមួយ ង្វៀន វ៉ូភឿងហូយ ខណៈគូអមព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺ ឡុង ឡា ប៉ះជាមួយ ឡេ ក្វាងលិញ ឡើងដណ្តើមខ្សែក្រវាត់ជើងឯកផងដែរ។

ទាក់ទងនឹងការប្រកួតនេះ ប្រធានក្លិបប្រដាល់គុនខ្មែរ និងគុនចម្រុះ Cambodian Top Team បានបញ្ជាក់ច្បាស់ៗថា៖«រិន សារ័ត្ន ត្រូវតែការពារខ្សែក្រវាត់នេះឱ្យបានល្អបំផុត ព្រោះខាងម្ចាស់ផ្ទះ គេត្រៀមខ្លួនមកដណ្តើមយកវិញហើយ»។ ជាមួយគ្នានេះ ក្លិបក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកីឡាករ ឡុង ឡា ផងដែរ ដោយសារតែរូបគេត្រូវឡើងសង្វៀនដណ្តើមខ្សែក្រវាត់ជាលើកទី២ បន្ទាប់ពីលើកដំបូង រងបរាជ័យទៅលើដៃគូម្ចាស់ផ្ទះ។ យ៉ាងណា តំណែងជាម្ចាស់ខ្សែក្រវាត់ GMA របស់កីឡាករ រិន សារ័ត្ន និងកីឡាករ ឡុង ឡា ដែលត្រៀមឡើងប្រកួតដណ្ដើម នៅពេលខាងមុខ អ្នកគាំទ្រកម្ពុជារំពឹងថា កីឡាករទាំងពីររូប អាចនឹងរងសម្ពាធពីម្ចាស់ផ្ទះវៀតណាម ប៉ុន្តែពួកគេនៅតែអាចយកជ័យជម្នះ និងស្ពាយខ្សែក្រវាត់ត្រឡប់មកមាតុភូមិវិញ បានមិនខាន៕






