
គុនខ្មែរ៖ ក្រោយខកខានចេញទៅបញ្ចេញក្បាច់គុនលើសង្វៀនអន្តរជាតិ នៅក្រៅប្រទេស អស់រយៈពេលជាង២ឆ្នាំ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ត្រៀមខ្លួនដឹកដៃអ្នកចម្បាំងរួមក្បាច់គុនដូនតា ៥រូប ចេញទៅតតាំងជាមួយក្រុមម្ចាស់ផ្ទះហូឡង់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ការចេញទៅប្រកួតជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងបន្ទាប់ពីរូបគេ ទើបនឹងបញ្ចប់បេសកកម្មដ៏អស្ចារ្យ ក្នុងការនាំយកគុនខ្មែរឱ្យល្បីរន្ទឺលើទឹកដីអតីតរាជធានីយសោធរបុរៈដ៏ល្បាញល្បី កាលពីពេលថ្មីៗនេះ…។

គួររំឭកផងដែរថា កីឡាករ ធឿន ធារ៉ា បានចេញទៅប្រកួតនៅក្រៅប្រទេសចុងក្រោយក្នុងកម្មវិធី «Kun Khmer to the World Class» កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពរម្លឹកអនុស្សាវរីយ៍អូឡាំពិក អានសាន (Ansan Olympic Memorial Hall) ទីក្រុងអានសាន ប្រទេសកូរ៉េខាងត្បូង។ កាលនោះ រូបគេ បានជួបប្រកួតជាមួយកីឡាករប្រេស៊ីល វិកទ័រ តិចសៀរ៉ា (Victor Teixeira) ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ដោយបានផ្តួលគូប្រកួតឱ្យសន្លប់នៅក្នុងទឹកទី៣។ ចាប់តាំងពីពេលនោះមក អ្នកលេងពូថៅដៃពិឃាដ មានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះ មិនដែលចេញទៅប្រកួតនៅក្រៅប្រទេសទៀតឡើយ រូបគេបានសម្ងំហ្វឹកហាត់ដោយស្ងៀមស្ងាត់ និងទទួលការប្រកួតនៅតែក្នុងស្រុកប៉ុណ្ណោះ ទោះបីជារងការរិះគន់ពីមហាជនមួយចំនួនក៏ដោយ។

យ៉ាងណា ថ្មីៗនេះ កីឡាករ ធឿន ធារ៉ា ទើបតែបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតឱ្យគុនខ្មែរ ដោយបានចូលរួមក្នុងមហាព្រឹត្តិការណ៍ «ភិមានអាកាសគុនខ្មែរ» នៅមុខព្រះលានជល់ដំរី ក្រុងសៀមរាបអង្គរ ដែលបានផ្សាយផ្ទាល់ទៅកាន់ប្រទេសជាង២០០ តាមរយៈបណ្តាញទូរទស្សន៍កីឡាដ៏ធំរបស់ចក្រភពអង់គ្លេស DAZN ក្រោមការសហការជាមួយស្ថាប័ន Fight Clubbing។ ជាមួយគ្នានេះ ស្ថាប័ន Fight Clubbing ក៏បានបង្ហាញពីមោទនភាពជាប្រវត្តិសាស្ត្រផងដែរ លើការសហការជាមួយគុនខ្មែរលើកនេះ ដោយបានបំបែកកំណត់ត្រា មានអ្នកចូលទស្សនាផ្ទាល់រហូតដល់ទៅជាង១សែននាក់ ដែលចំនួននេះ ច្រើនជាងការសហការជាមួយស្ថាប័ន ONE របស់ផ្ទះលេខពីរ រហូតដល់ទៅ៥ដង (ដែលកាលនោះមានអ្នកទស្សនាត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ)។

ក្រោយជោគជ័យដ៏ត្រជះត្រចង់ ក្នុងការជួយលើកស្ទួយមរតកគុនខ្មែររបស់ដូចតា ឱ្យល្បីរន្ទឺពេញពិភពលោក ពេលនេះ ភាគីប្រទេសហូឡង់ ក៏បានបង្ហាញការឱ្យតម្លៃយ៉ាងខ្លាំងចំពោះក្បាច់គុនបុរាណមួយនេះ។ មិនត្រឹមតែជាការប្រកួតធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា លើទឹកដីអឺរ៉ុប គឺជាបេសកកម្មដ៏មានតម្លៃក្នុងការបន្តបោះពុម្ពផ្សាយអត្តសញ្ញាណជាតិខ្មែរ នៅលើផែនទីពិភពលោក។ ជាមោទនភាពដ៏ក្រៃលែងសម្រាប់ជាតិ និងកីឡាករយើង បច្ចុប្បន្ន ស្លាកផ្សព្វផ្សាយ (Banner) គុនខ្មែរ ត្រូវបានគេដាក់តាំងបង្ហាញយ៉ាងព្រោងព្រាតតាមដងផ្លូវ និងគ្រប់ទីកន្លែងសាធារណៈ ក្នុងទីក្រុងអាំស្ទើរដាំ (Amsterdam) ដែលសបញ្ជាក់ឱ្យឃើញថា គុនខ្មែរ លែងត្រឹមជា Brand Name ក្នុងស្រុកទៀតហើយ ប៉ុន្តែវាបានក្លាយជាកីឡាប្រដាល់កម្រិតស្តង់ដារអន្តរជាតិមួយ ដែលកំពុងទាក់ទាញភ្នែកមនុស្សជុំវិញពិភពលោក។

ទស្សនិកជន និងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងក្នុង និងក្រៅប្រទេស កំពុងទន្ទឹងរង់ចាំដោយចិត្តអន្ទះសា និងត្រៀមខ្លួនជួយគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យកូនខ្មែរទាំង៥រូប រួមទាំងស្មារតីតស៊ូដ៏អស្ចារ្យរបស់កីឡាករ ធឿន ធារ៉ា អាចបន្តចាក់គ្រឹះជោគជ័យ លើកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ឱ្យខ្ពស់ត្រដែតលើសង្វៀនអន្តរជាតិ នៅប្រទេសហូឡង់ ក្នុងពេលឆាប់ៗខាងមុខ៕




