
រាជធានីតូក្យូ៖ រដ្ឋការរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យប្រទេសជប៉ុន បង្កើនការចំណាយលើការទទួលកងទ័ពសហរដ្ឋអាម៉េរិក រហូតដល់ជាង៣ពាន់ពាន់លានយ៉េន ឬស្មើ១៩ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ២០២៧តទៅ ហើយចំនួននេះ បានកើនឡើង៣ដង បើធៀបនឹងការចំណាយកាលពីពេលកន្លងមក...។

ទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន Kyodo News បានចេញផ្សាយនៅថ្ងៃសុក្រទី១៣ ខែវិច្ឆិកានេះថា ប្រទេសជប៉ុន កំពុងពិចារណាលើការបង្កើននូវការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់សម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន រហូតទៅដល់ប្រហែល ១,៥ពាន់ពាន់លានយ៉េន។ ការគាំទ្រដែលរដ្ឋាភិបាលរាជធានីតូក្យូ នឹងផ្ដល់ជូនដល់កងកម្លាំងសហរដ្ឋអាម៉េរិក ឈរជើង នៅក្នុងប្រទេសជប៉ុន ត្រូវគេរំពឹងថា នឹងរួមបញ្ចូល ទាំងការចំណាយ ដើម្បីពង្រឹងភាពធន់ និងលទ្ធភាពរស់រាន នៃមូលដ្ឋានយោធាសហរដ្ឋអាម៉េរិក នៅក្នុងប្រទេសជប៉ុន នៅក្នុងករណីមានការវាយប្រហារកើតឡើង ហើយទឹកប្រាក់សរុប នឹងមានចំនួនជាង៣០០ពាន់លានយ៉េនក្នុងមួយឆ្នាំ។

បើតាមប្រភពការទូត បានឱ្យដឹងថា ការចរចាទ្វេភាគី ស្តីពីការចែករំលែក លើការចំណាយ នៅក្នុងវិស័យោធា បានចាប់ផ្តើមដំណើរការយ៉ាងពេញទំហឹង នៅរាជធានីតូក្យូ នារដូវក្ដៅនេះ។ រីឯការចរចាជុំបន្ទាប់មួយទៀត អាចនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ ដោយរដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាម៉េរិក មានគោលបំណងឈានដល់កិច្ចព្រមព្រៀងមួយ នៅត្រឹមដំណាច់ឆ្នាំនេះ។ ប្រភពការទូតមួយ បានលើកឡើងថា៖«ទោះជាចំនួនទឹកប្រាក់រហូត៣ពាន់ពាន់លាន នៅក្នុងរយៈពេល៥ឆ្នាំ ជារឿងពិបាកនឹងទទួលយកក៏ដោយ ប៉ុន្តែនៅតែមានលទ្ធភាពដែលអាចបង់បាន នៅក្នុងកម្រិត ប្រហែល១,៥ពាន់ពាន់លានយ៉េន»។ ជប៉ុន បានទទួលរ៉ាប់រងលើការចំណាយ សម្រាប់មូលដ្ឋានយោធានានារបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសរបស់ខ្លួនចំនួន១,០៦ពាន់ពាន់លានយ៉េន សម្រាប់ឆ្នាំសារពន្ធ ចន្លោះពី២០២២ ដល់២០២៦ រហូតដល់ខែមីនាឆ្នាំក្រោយ ឬប្រហែល២១១ពាន់លានយ៉េនក្នុងមួយឆ្នាំៗ។

នៅក្នុងអំឡុងអាណត្ដិទី១របស់គាត់ លោក ដូណាល់ ត្រាំ ក៏បានដាក់បន្ទុកយ៉ាងខ្លាំង លើប្រទេសជប៉ុន នៅក្នុងការចូលរួមចំណែកដ៏ធំបំផុត នៅក្នុងការទទួលកងទ័ពសហរដ្ឋអាម៉េរិក ចំនួន១០ពាន់លានដុល្លារ និងទារពីអាល្លឺម៉ង់ចំនួន១០ពាន់លានដុល្លារ ពីការទទួលដាក់យោធារបស់ខ្លួន នៅប្រទេសអឺរ៉ុបមួយនេះ។ ប៉ុន្ដែមហិច្ឆតារបស់លោក ត្រាំ កាលនោះ បានទទួលបរាជ័យ ក្រោយការទារពីរដ្ឋាភិបាលរដ្ឋធានីសេអ៊ូល ចំនួន៥ពាន់លានដុល្លារ នៅក្នុងការទទួលកងទ័ពសហរដ្ឋអាម៉េរិក ក្នុងប្រទេសកូរ៉េខាងត្បូង។ សហរដ្ឋអាម៉េរិក បានដាក់ពង្រាយកងទ័ពសកម្មរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៧ រហូតមក ហើយរហូតមកដល់ពេលនេះ មានទាហានប្រហែល ៥ម៉ឺន៥ពាន់នាក់ (ឯកសារខ្លះថា ជាង៦ម៉ឺននាក់) និងមានមូលដ្ឋានកងទ័ពចំនួន១៥កន្លែង៕






