
រដ្ឋធានីវ៉ាស៊ីនតោន៖ បច្ចុប្បន្ន ថ្វីបើពិភពលោក កំពុងប្រឈមមុខនឹងវិបត្ដិថាមពល និងសេដ្ឋកិច្ច ដោយសារសង្គ្រាមនៅតំបន់មជ្ឈិបូព៌ាយ៉ាងណាក្ដី ប៉ុន្ដែជម្លោះនេះ នឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ស្របពេលលោក ដូណាល់ ត្រាំ ប្រកាសអំពីសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែលំបាកខ្លាំងបន្ថែមទៀត...។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាម៉េរិក Fox News បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី១៣ ខែវិច្ឆិកានេះថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា៖«យើងមិនចាំបាច់ចូលទៅគ្រប់គ្រងប្រទេសអ៊ីរ៉ង់ និងបង្កើតរដ្ឋាភិបាលថ្មី ឬទាមទារឱ្យមានពិធីចុះចាញ់ នៅក្នុងរដ្ឋធានីតេហេរ៉ង់នោះឡើយ។ ប៉ុន្ដែអ្វីដែលយើងត្រូវធ្វើ គឺធ្វើឱ្យរបបនេះ ប្រឈមនឹងការលំបាកយ៉ាងខ្លាំងបំផុត នៅក្នុងការកសាងសមត្ថភាពយោធាឡើងវិញ ដែលបង្កការគំរាមកំហែងដល់សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់យើង»។ លោក ត្រាំ បានសង្កត់ធ្ងន់៖ សហរដ្ឋអាម៉េរិក បានឈានជើងធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ មកដល់ពេលនេះ នឹងមិនបញ្ឈប់នៅត្រឹមកណ្ដាលទីនោះឡើយ។ យើងបានវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ និងបានបង្ហាញឱ្យឃើញថា សហរដ្ឋអាម៉េរិក ត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រើប្រាស់កម្លាំងយោធាដ៏ខ្លាំងក្លា លើសលុបរបស់ខ្លួន។

បច្ចុប្បន្ន ជាពេលវេលាដែលយើងកំពុងគ្រប់គ្រងយុទ្ធសាស្ត្រឈ្នះនោះ រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ហាក់ដូចជាផ្ដោតអារម្មណ៍ខ្លាំងពេក ទៅលើរឿងថាតើត្រូវធ្វើដូចម្តេច ដើម្បីអាចប្រកាសពីជ័យជម្នះឱ្យបានយ៉ាងឆាប់រហ័ស បញ្ចុះតម្លៃប្រេងឥន្ធនៈ និងបញ្ចប់បញ្ហានេះឱ្យបានឆាប់។ លោក ដូណាល់ ត្រាំ បានបន្ដថា យើងត្រូវយល់ឱ្យច្បាស់ អំពីរបបដែលយើងកំពុងដោះស្រាយជាមួយនេះ។ សាធារណរដ្ឋអ៊ិស្លាម មិនមែនគ្រាន់តែជាប្រទេសមួយផ្សេងទៀត ដែលយើងមានការខ្វែងគំនិតគ្នា លើបញ្ហាពាណិជ្ជកម្ម ព្រំដែន ឬការទទួលស្គាល់ផ្នែកការទូតនោះទេ។ ប៉ុន្ដែចាប់តាំងពីឆ្នាំ១៩៧៩ រហូតមក អរិភាពប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានត្រូវរបបគ្រប់គ្រងអ៊ីរ៉ង់ ដាក់បញ្ចូលទៅក្នុងមនោគមវិជ្ជាបដិវត្តន៍របស់ពួកគេ។ ការលើកឡើងទាំងនេះ មិនមែនសហរដ្ឋអាម៉េរិក ចង់វាយតម្លៃទៅលើប្រជាជនអ៊ីរ៉ង់ឡើយ។ ពលរដ្ឋអ៊ីរ៉ង់ ភាគច្រើន គ្រាន់តែចង់រស់នៅក្នុងជីវិតតាមធម្មតា ដូចគេឯងប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាការវាយតម្លៃនោះ គឺផ្ដោតទៅលើរដ្ឋាភិបាលដែលបានគ្រប់គ្រងពួកគេ អស់រយៈពេលជិតកន្លះសតវត្សរ៍មកនេះ។

លោក ដូណាល់ ត្រាំ បន្ថែមថា បើក្រឡកមើលទៅលើប្រវត្ដិសាស្ត្រ បង្ហាញថា នៅក្នុងអំឡុងឆ្នាំ១៩៧៩ ក្រុមបដិវត្តន៍អ៊ីរ៉ង់ បានរឹបអូសស្ថានទូតរបស់យើង និងចាប់ជាចំណាប់ខ្មាំងពលរដ្ឋអាម៉េរិកាំងចំនួន៥២នាក់ នៅក្នុងរយៈពេល៤៤៤ថ្ងៃ។ នៅឆ្នាំ១៩៨៣ ក្រុមហេសបូលឡាហ៍ (Hezbollah) នៅប្រទេសលីបង់ ដែលអ៊ីរ៉ង់បានជួយជ្រោមជ្រែង បង្កើត និងផ្គត់ផ្គង់គ្រឿងសព្វាវុធ បានទម្លាក់គ្រាប់បែកនៅក្នុងបន្ទាយទាហានម៉ារីននៅទីក្រុងបេរូត ប្រទេសលីបង់ បានសម្លាប់ទាហានអាម៉េរិក ចំនួន២៤១នាក់។ នៅឆ្នាំ១៩៩៤ ការទម្លាក់គ្រាប់បែក នៅមជ្ឈមណ្ឌលសហគមន៍ជ្វីហ្វ AMIA ស្ថិតក្នុងទីក្រុងប៊ូអេណូស អៃរេស (Buenos Aires) ដែលជាទីក្រុងធំទី២របស់អាហ្សង់ទីន បានសម្លាប់មនុស្ស៨៥នាក់។

ក្រោយមក តុលាការអាហ្សង់ទី បានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកទទួលខុសត្រូវ ហើយបានសន្និដ្ឋានថា ក្រុមហេសបូលឡាហ៍ លីបង់ ជាអ្នកអនុវត្តនូវការវាយប្រហារនេះ។ នៅឆ្នាំ២០១១ អាជ្ញាធរអាម៉េរិក បានលាតត្រដាងផែនការមួយ ពាក់ព័ន្ធនឹងអ៊ីរ៉ង់ នៅក្នុងការធ្វើឃាតឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅក្នុងភោជនីយដ្ឋានមួយ ស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលអាចសម្លាប់ជនជាតិអាម៉េរិកស្លូតត្រង់យ៉ាងច្រើន៕


