តម្រួតនគរបាលថៃ ឃាត់ព្រះសង្ឃទ្រុស្តសីលជាច្រើនអង្គ កុម្ម៉ង់ថ្នាំញៀនម៉ាទឹកកកតាមអនឡាញ ឆាន់ក្នុងវត្ត
Chanmarady Chuon
•
14 ម៉ោងមុន

រាជធានីបាងកក៖ អាជ្ញាធរខេត្តឧប្បលរាជធានី បានបើកប្រតិបត្តិការត្រួតពិនិត្យទឹកមូត្រព្រះសង្ឃពេញមួយវត្ត ស្វែងរកសារធាតុញៀនក្រោយមានការសង្ស័យ ដោយតម្រួតនគរបាលថៃ បានរកឃើញព្រះសង្ឃស្ទើរពាក់កណ្តាលវត្ត មានសារធាតុជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ការត្រួតពិនិត្យរបស់អាជ្ញាធរ បានរកឃើញទាំងគ្រាប់ថ្នាំញៀន និងឧបករណ៍ឆាន់គ្រឿងញៀនជាច្រើននៅក្នុងកុដិផងដែរ…។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១២វិច្ឆិកា ឆ្នាំ២០២៦ ការចុះបង្ក្រាបរបស់តម្រួតនគរបាលថៃ ធ្វើឡើងនៅវត្តមួយក្នុងឃុំមឿងតេជ (เมืองเดช) ស្រុកតេជឧត្តម (เดชอุดม)។ ការចុះត្រួតពិនិត្យនោះ ក្រុមតម្រួតនគរបាលថៃ បានរកឃើញ និងចាត់វិធានការលើព្រះសង្ឃចំនួន៤អង្គ រួមមាន៖ ១.ព្រះសង្ឃព្រះនាម ថប បួសបាន៦វស្សា, ២.ព្រះសង្ឃព្រះនាម ចូ បួសបាន៥វស្សា, រកឃើញថ្នាំញៀនចំនួន១គ្រាប់, ៣.ព្រះសង្ឃព្រះនាម តើយ បួសបាន៣វស្សា រកឃើញថ្នាំញៀនចំនួន១គ្រាប់, ៤.ព្រះសង្ឃព្រះនាម តៅ បួសបាន១វស្សា។ លទ្ធផលតេស្តទឹកមូត្រ បង្ហាញថា វិជ្ជមានសារធាតុញៀនគ្រប់ព្រះអង្គទាំងអស់។

ឆ្លងកាត់ការពិតសួរចម្លើយ អតីតសង្ឃទ្រុស្តសីលទាំងនោះ បានសារភាពថា ព្រះអង្គបានយកបច្ច័យដែលញាតិញោមប្រជាពុទ្ធបរិស័ទ្ធប្រគេន ប្រមូលផ្តុំគ្នាកុម្ម៉ង់ទិញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) តាមប្រព័ន្ធអនឡាញ ដោយមានអ្នកដឹកជញ្ជូនយកមកបោះចោលទុកនៅមុខវត្ត រួចទើបយកមកបែងចែកគ្នាឆាន់(សេព)ជាយូរមកហើយ រហូតដល់ថ្ងៃអាជ្ញាធរចុះមកត្រួតពិនិត្យនេះតែម្ដង។ ក្រោយរកឃើញភស្តុតាងជាក់ស្តែង អាជ្ញាធរបាននាំខ្លួនព្រះសង្ឃពាក់ព័ន្ធទាំងនោះ ទៅធ្វើពិធីផ្សឹកភ្លាមៗ មុននឹងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលតម្រួតស្រុកតេជឧត្តម ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត