ថៃ លាក់ពុតត្បុតដាក់​ភូមា តែហ៊ានញេញចង្កូមជាមួយកម្ពុជា ព្រោះចង់​បន្ថយចំនួនសត្រូវនៅជុំវិញខ្លួន ​
S
Sinuon Nop
•
15 ម៉ោងមុន

រាជធានីបាងកកក៖ ក្រុមមេដឹកនាំ​ និងក្រុមទាហានថៃ តែងបង្កើតជម្លោះជាមួយប្រទេសនៅជុំវិញខ្លួន រួមទាំងកម្ពុជា ម៉ាឡេស៊ី និងភូមា ប៉ុន្ដែឥឡូវនៅពេលមានការវាយយុទ្ធគ្នា តាមព្រំដែន ស្ថិតនៅទឹកដីរបស់ភូមា ​ រវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងចលនាតស៊ូបំបែករដ្ឋ រហូតមានការបាញ់ផ្លោងចូលមកលើទឹកដីខ្លួន បែរជារាជរដ្ឋាភិបាលរាជធានីបាងកក បានត្រឹមបញ្ជូនប្រមុខការទូតទៅចរចាជាមួយ​របបយោធា រួចហើយចេញមុខអះអាងថា រដ្ឋធានីណៃពិដោ នឹងគ្រប់គ្រងស្ថានការណ៍នេះ...។

នាយករដ្ឋមន្រ្ដីថៃ លោក អានុទីន ឆានវីរៈគុល
នាយករដ្ឋមន្រ្ដីថៃ លោក អានុទីន ឆានវីរៈគុល

សារព័ត៌មាន Thairath បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី១៣ ខែវិច្ឆិកានេះថា ​នាយករដ្ឋមន្រ្ដីថៃ អានុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បាននិយាយថា រដ្ឋាភិបាលភូមា ​ បានសន្យា នឹងគ្រប់គ្រងស្ថានការណ៍ចំពោះការវាយប្រយុទ្ធគ្នា ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រទេសថៃ ជាមួយនឹងការ​សង្កត់ធ្ងន់ថា ប្រទេសទាំងពីរ នឹងនៅតែរក្សាទំនាក់ទំនងល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើផ្នែកសន្តិសុខ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្ដីថៃ កើតឡើងបន្ទាប់ពីប្រមុខការទូត លោកឧបនាយករដ្ឋមន្រ្ដី ​ស៊ីហាសាក់ ភួងកេកែវ (สีหศักดิ์ พ่วงเกตุแก้ว) ធ្វើដំណើរទៅកាន់ប្រទេសភូមា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចរចាជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) និងក្រុមមន្រ្ដីជាន់ខ្ពស់នៃប្រទេសភូមា ដោយផ្ដោតលើប្រតិបត្ដិការយោធានៅតាមព្រំដែនជាប់ជាមួយថៃ ដែលបានបង្កផលប៉ះពាល់ដល់ប្រជាជនថៃ ធ្វើពាណិជ្ជកម្មឆ្លងដែន និងការបំពុលទឹកទន្លេ។​

រដ្ឋមន្រ្ដីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេកែវ បានទទួលស្វាគមន៍ពីមន្រ្ដីជាន់ខ្ពស់មីយ៉ាន់ម៉ា
រដ្ឋមន្រ្ដីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេកែវ បានទទួលស្វាគមន៍ពីមន្រ្ដីជាន់ខ្ពស់មីយ៉ាន់ម៉ា

ថ្លែងនៅឯវិមានរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្ដី អានុទីន និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃផងនោះ បានបញ្ជាក់ថា ការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសភូមា កំពុងប៉ះពាល់ដល់ប្រជាជនរស់នៅជិតព្រំដែន រវាងប្រទេសថៃ និងភូមា។​ ដូច្នេះ រាជរដ្ឋាភិបាលថៃ បានពិភាក្សាជាមួយអាជ្ញាធរភូមា ទាំងក្នុងកម្រិតយោធា និងកម្រិតរដ្ឋាភិបាលរួចហើយ អំពីការរក្សាឱ្យបាននូវការវាយប្រហារឆ្លងចូលទឹកដីថៃ។ រដ្ឋាភិបាលភូមា បានទទួលស្គាល់ការព្រួយបារ​ម្ភរបស់ភាគីថៃ និងបានសន្យាថា នឹងចាត់វិធានការគ្រប់យ៉ាង ដែលតាមតែអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍ជម្លោះនេះ ជះឥទ្ធិពលដល់ប្រទេសថៃ។ ប្រទេសទាំង២ នឹងមានការសម្របសម្រួល ក៏ដូចជាការចែករំលែកព័ត៌មានជាបន្តបន្ទាប់ រវាងស្ថាប័នសន្តិសុខ រវាង​ប្រទេសទាំងពីរ។ទន្ទឹមនោះ នាយករដ្ឋមន្រ្ដី អានុទីន បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការ រវាងប្រទេសថៃ និងភូមា នៅតែរក្សាកម្រិតល្អជាមួយគ្នា។​

លោក សុក សំអឿន មេធាវីមួយរូបរបស់កម្ពុជា
លោក សុក សំអឿន មេធាវីមួយរូបរបស់កម្ពុជា

ដោយឡែក លោក សុខ សំអឿន ​អ្នកជំនាញច្បាប់មួយរូបរបស់កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់លោកនៅថ្ងៃសុក្រទី១៣ ខែវិច្ឆិកានេះដែរថា៖«កុំគិតថា ថៃខ្លាចភូមា តែជាយុទ្ធសាស្ត្របន្ថយចំនួនសត្រូវ ព្រោះបើមានជម្លោះ​ ជាមួយភូមាផង កម្ពុជាផង ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងផង គឺប្រាកដជាលំបាកខ្លាំងហើយ។ ដូច្នេះ បើថៃកាត់បន្ថយជម្លោះជាមួយភូមាបាន យើងកម្ពុជា ត្រូវតែប្រយ័ត្នបន្តិច!។»​ បើតាមប្រវត្ដិសាស្ត្រ បង្ហាញថា ក្រោយពេលសៀម ដែលបានប្ដូរឈ្មោះមកជា«ថៃ» នៅអំឡុងឆ្នាំ១៩៣៩នោះ ធ្លាប់មានសង្គ្រាមជាមួយកម្ពុជា អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ចាប់តាំងពី​សៀមប្លន់យកទឹកដីពីចក្រភពខ្មែរ បង្កើតនគរផ្ទាល់ខ្លួនមក។ ប៉ុន្ដែសង្គ្រាមចុងក្រោយ ចំនួន២លើក កាលពីចុងឆ្នាំ២០២៥ បង្កឡើងដោយយោធាថៃ ពួកគេនៅតែបន្ដរំលោភបំពានទឹកដីកម្ពុជាជាបន្តបន្ទាប់ ទោះបើភាគីទាំង២ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ជាមួយគ្នាហើយក៏ដោយ៕​​

សង្គ្រាមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា
សង្គ្រាមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា
កងកម្លាំងទាហានឈ្លានពានរបស់ៀម បានត្រូវមកកាន់ព្រំដែន នៅក្នុងសង្គ្រាមជាមួយកម្ពុជា កាលពីអំឡុងឆ្នាំ២០២៥
កងកម្លាំងទាហានឈ្លានពានរបស់ៀម បានត្រូវមកកាន់ព្រំដែន នៅក្នុងសង្គ្រាមជាមួយកម្ពុជា កាលពីអំឡុងឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត