សម្ដេចតេជោ សង្ឃឹមវត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិកនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន
S
Soriya Sou
•
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក គ្រីស្តូភើ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងជំនួប សម្ដេចតេជោបានប្រកាសស្វាគមន៍ និងបង្ហាញក្ដីសង្ឃឹមថា វត្តមានរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីនៅប្រទេសកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្ថែមទៀត...។

លោក គ្រីស្តូភើ ចន អានដ័រសុន បានថ្លែងថា ការមកដល់ប្រទេសកម្ពុជារបស់លោក គឺដើម្បីបង្កើននូវភាពជាដៃគូវាងកម្ពុជា និងអាម៉េរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកអរគុណចំពោះកម្ពុជា ដែលបានធ្វើកិច្ចការងារ ក៏ដូចជាសហការជាមួយសហរដ្ឋអាម៉េរិកនាពេលកន្លងមក ទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់។ លោកឯកអគ្គរដ្ឋទូតថ្មី ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ហើយលោកមានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់កម្ពុជា។ ឯកអគ្គរដ្ឋទូតរូបនេះ ជម្រាបជូនសម្ដេចតេជោ ថា លោកនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាស ក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាម៉េរិក មកវិនិយោគនៅកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀត។

សម្ដេចតេជោ បានប្រកាសស្វាគមន៍ និងបានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតថ្មី ទាក់ទងទៅនឹងកិច្ចការងារមួយចំនួន បូករួមទាំងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ ផងដែរ។ សម្ដេចតេជោ បានបង្ហាញក្ដីជឿជាក់យ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា នឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា ឱ្យអស់តែម្ដង។ សម្ដេចសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជាតែឯងនោះទេ កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ ដូច្នេះត្រូវចូលរួមសហការគ្នា។ យ៉ាងណាក៏ដោយ សម្ដេចតេជោបានជូនពរឱ្យលោកឯកអគ្គរដ្ឋទូតបំពេញបេសកកម្មប្រកបដោយភាពជោគជ័យក្នុងប្រទេសកម្ពុជា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត