
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៣១សីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កងទ័ពជើងគោកកម្ពុជា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមជាមួយកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក និងកងឆ្មាំរដ្ឋអាយដាហូ (Idaho) របស់សហរដ្ឋអាម៉េរិក បានរៀបចំកិច្ចប្រជុំស្តីពីផែនការបឋមសម្រាប់«សមយុទ្ធឆ្មាំអង្គរ»..។

ទំព័រហ្វេសប៊ុកផ្លូវការកងទ័ពជើងគោកកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃទី៤កញ្ញាថា កម្ពុជា-អាម៉េរិក បានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន៖ លំហាត់ទីបញ្ជាការ ការផ្លាស់ប្ដូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម ការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។ បន្ទាប់ពីផ្អាកអស់រយៈពេលជិត១០ឆ្នាំ «សមយុទ្ធឆ្មាំអង្គរ» គ្រោងប្រព្រឹត្តទៅខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។

មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមរយៈជំនួបជាមួយ លោក អ៊ែលប្រ៊ីដ អ៊ែនឌ្រូ ខូលប៊ី (Elbridge A. Colby) អនុរដ្ឋមន្រ្តីក្រសួងសង្គ្រាមអាម៉េរិក កាលពីថ្ងៃទី១៤សីហាកន្លងទៅ បានប្រកាសថា ការចាប់ផ្តើមសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ឡើងវិញ នឹងក្លាយជាស្ពានសម្រាប់កសាងមិត្តភាពជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំង២។ សម្តេចក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ៕







