
រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២៧សីហា មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក, រាជាណាចក្រម៉ាឡេស៊ី និងចក្រភពព្រីតថេន បានប្ដេជ្ញាចិត្តដូចគ្នា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ…។

លោក ជីមមី ប៉ានេតតា សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា California (មកពីគណបក្សប្រជាធិបតេយ្យ) បានជម្រាប សម្ដេចធិបតី ថា លោកមានក្ដីរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជា លើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវិស័យសុខាភិបាល។ លោកចាត់ទុកដំណើរទស្សនកិច្ចមកកម្ពុជា ពេលនេះ ជាឱកាសបានឈ្វេងយល់កាន់តែស៊ីជម្រៅពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី ហើយគណ:ប្រតិភូសមាជិកសភា នឹងបន្តខិតខំប្រឹងប្រែជំរុញ និងគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ លោកអះអាង ថា សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ក្នុងជំនួបដាច់ដោយឡែកពីគ្នា ប្រធានរដ្ឋសភាម៉ាឡេស៊ី លោក តាន់ ស៊្រី ដាតូ ចូហារី ប៊ីន អាប់ឌុល ក៏បានប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជា។ លោកគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី កំពុងស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយម៉ាឡេស៊ី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ លោកក៏បានឯកភាពជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើសារសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

ដូចគ្នានឹងសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីដែរ រាជរដ្ឋាភិបាលចក្រភពព្រីតថេន តាមរយៈលោកស្រី បារ៉ូនេស វីនធឺតុន រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ចក្រភពព្រីតថេន (ចក្រភពអង់គ្លេស) បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចក្រភពព្រីតថេន និងកម្ពុជា ខណៈប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នាជាប្រពៃណី និងយូរអង្វែង។ លោកស្រី ជម្រាបសម្តេចថា ប្រទេសទាំងពីរ នៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលអាចរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅ។ ចក្រភពព្រីតថេន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅដោយសារជម្លោះនេះផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ សហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងចក្រភពព្រីតថេន ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំ។ សម្ដេចក៏បានថ្លែងអំណរគុណជាថ្មីដល់លោកប្រាធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ជាមួយគ្នា សម្ដេចក៏បានអរគុណដល់ លោកស្រី បារ៉ូនេស វីនធឺតុន រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ចក្រភពព្រីតថេន ដែលបានធ្វើទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាថ្មីម្ដងទៀត សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ៕




