នាវាដឹកប្រេងថៃមួយគ្រឿង លិចភ្លឹបចូលបាតសមុទ្ទបាត់ខ្លួននាវិក៦នាក់ ខណៈក្រុមសង្គ្រោះកំពុងខ្នះខ្នែងស្វែងរក
ហៀប ស៊ីថេត
•
4 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពជើងទឹកភូមិន្ទថៃ កំពុងបង្កើនការស្វែងរកនាវិកបាត់ខ្លួន៦នាក់ បន្ទាប់ពីនាវាដឹកប្រេងឈ្មោះ «Venus 14» លិចចូលទៅក្នុងឈូងសមុទ្ទ ជិតមូលដ្ឋានកងទ័ពជើងទឹកសាតាហ៊ីប នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ យ៉ាងណា មូលហេតុនៃការលិចមិនទាន់ដឹងនៅឡើយទេ ខណៈកងទ័ពជើងទឹកថៃ កំពុងត្រៀមខ្លួនសម្រាប់ការលេចធ្លាយប្រេង ដែលអាចកើតមាន។

ហេតុការណ៍នេះ ត្រូវបានរាយការណ៍នៅម៉ោងប្រមាណ៩ព្រឹក ចម្ងាយប្រមាណ២៧ម៉ាយល៍ ពីច្រកចូលទៅមូលដ្ឋានទ័ពជើងទឹកសាតាហ៊ីប។ នៅពេលទទួលដំណឹង កងទ័ពជើងទឹកថៃ បានបញ្ជូននាវាល្បាត Tor.113 និងយន្តហោះឃ្លាំមើលពីលើអាកាសភ្លាមៗ ដើម្បីស្វែងរកនាវិក កំណត់ទីតាំងនាវា និងពិនិត្យមើលការលេចធ្លាយប្រេង។ ការព្រមានផ្នែកនាវាចរណ៍ ក៏ត្រូវបានផ្សព្វផ្សាយដល់នាវានៅជិតនោះ ឱ្យប្រុងប្រយ័ត្នផងដែរ។ ទន្ទឹមគ្នា កងទ័ពជើងទឹកថៃ បានសម្របសម្រួលជាមួយនាយកដ្ឋានដែនសមុទ្ទ ដើម្បីត្រៀមទប់ស្កាត់ការបំពុលទឹកដោយសារការលេចធ្លាយប្រេង ដែលអាចកើតមាន។

នាវាចម្បាំង HTMS Pan Yi និងឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជាឱ្យត្រៀមខ្លួន រួមជាមួយបុគ្គលិក និងឧបករណ៍ឆ្លើយតបនឹងការធ្លាយប្រេង ដើម្បីអាចដាក់ពង្រាយបានភ្លាមៗពេលមានការស្នើសុំ។ ចុងក្រោយ កងទ័ពជើងទឹកថៃ អះអាងថា ខ្លួនកំពុងគាំទ្រពេញលេញដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយកំពុងតាមដានយ៉ាងជិតស្និទ្ធ អំពីការលេចធ្លាយប្រេង និងផលប៉ះពាល់លើបរិស្ថានសមុទ្ទជុំវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត