ក្រុមហ៊ុនយោធាថៃ បញ្ចេញដ្រូនស៊េរីថ្មី៤ប្រភេទ មានទាំងវា.យ.ប្រ.ហា.រ និងស៊ើបការសម្ងាត់ ចុះយើងមានអ្វីត្រៀមទប់ស្កាត់ និងបា.ញ់កម្ទេច..?
ហៀប ស៊ីថេត
•
7 ម៉ោងមុន

រាជធានីបាងកក៖ ក្រុមហ៊ុនផលិតសព្វាវុធ R V Connex ក្នុងស្រុកមួយរបស់ប្រទេសថៃ បានបង្ហាញយន្តហោះគ្មានមនុស្សបើក ឬដ្រូនស៊េរីថ្មីចំនួន៤ប្រភេទ ជាសាធារណៈ ក្នុងព្រឹត្តិការណ៍ Open House 2026 ក្នុងខេត្តបទុមធានី។ ក្រុមហ៊ុននេះ អះអាងដោយអំណួតថា ខ្លួនបានផលិតដ្រូនទាំងនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដោយវិស្វករថៃផ្ទាល់។ យ៉ាងណា សាធារណជនជាច្រើនចោទសួរថា ហេតុអ្វីយោធាថៃ ប្រឹងសម្ញែងអួតសមត្ថភាពយុទ្ធោបករណ៍សឹកខ្លួន ខណៈដែលកំពុងឈ្លានពានកាន់កាប់ទឹកដីខ្មែរ ដោយខុសច្បាប់? តើដ្រូនថៃទាំង៤ប្រភេទនេះ មានសមត្ថភាពកម្រិតណា? 

SBM News នឹងលម្អិតសមត្ថភាពដ្រូនទាំងនោះ ជូនប្រិយមិត្តបានជ្រាប និងជាសារមួយបង្ហាញដល់យោធាកម្ពុជា ថាតើគួរមានវិធានការបែបណា ដើម្បីទប់ទល់នឹងការបង្កើនសមត្ថភាពសឹករបស់យោធាថៃ នាពេលបច្ចុប្បន្ន។ សូមជម្រាបថា ដ្រូនទាំង ៤ប្រភេទនេះ គឺត្រូវបានរចនា អភិវឌ្ឍ និងផលិតឡើងដោយក្រុមហ៊ុន R V Connex ក្នុងស្រុករបស់ប្រេសថៃផ្ទាល់។ ​ដ្រូនទាំង៤ប្រភេទនេះ រួមមាន៖ ប្រភេទទី១ គឺដ្រូន ARUN VTOL៖ វាដើរតួនាទីជាភ្នែកនៃបេសកកម្មឃ្លាំមើល ឬហៅថា(ដ្រូនឈ្លបយកការណ៍)។ វាអាចហោះឡើង និងចុះចតបញ្ឈរដោយប្រើស្លាបកង្ហារ។ លើសពីនេះ វាអាចហោះហើរលើអាកាសបានរយៈពេល៦ម៉ោង នៅរយៈកម្ពស់អតិបរមា ១៥០០០ហ្វីត ឬជាង៤៥០០ម៉ែត្រ ដោយមានកន្លែងផ្ទុកឧបករណ៍ចំនួន២ អាចផ្ទុកទម្ងន់សរុបបានចន្លោះពី១០ ទៅ១២គីឡូក្រាម។

ដ្រូន ARUN VTOL
ដ្រូន ARUN VTOL

លក្ខណៈពិសេសរបស់វានេះ អនុញ្ញាតឱ្យកាមេរ៉ាអាចចាប់កម្តៅ និងរ៉ាដាស្កេន រួចបញ្ជូនទិន្នន័យពីឧបករណ៍ចាប់សញ្ញាច្រើនប្រភេទ ត្រឡប់មកវិញ។ នៅពេលដែលគោលដៅត្រូវបានកំណត់អត្តសញ្ញាណ កូអរដោនេច្បាស់លាស់ អាចត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់អង្គភាព ដែលនឹងត្រូវប្រតិបត្តិការ។ ដ្រូនប្រភេទទី២ គឺ K-18J៖ វាជាយន្តហោះគ្មានមនុស្សបើកវាយប្រហារ បំពាក់ម៉ាស៊ីនយន្តហោះចម្បាំង វាត្រូវបានអភិវឌ្ឍ និងរចនាតួថ្មីទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណោះ វាអាចហោះក្នុងល្បឿនអតិបរមា ២០០ណូត(knots) ក្នុងពេលវាយប្រហារ ជាមួយនឹងរយៈចម្ងាយប្រតិបត្តិការលើសពី ១៥០គីឡូម៉ែត្រ។ យន្តហោះគ្មានមនុស្សបើកនេះ គាំទ្រទម្រង់បេសកកម្មចំនួន២ គឺហោះក្រឡឹង និងតាមដានគោលដៅរហូតដល់១ម៉ោង និងបើកការវាយប្រហារដោយហោះបុកបំផ្ទុះតែម្ដង។ វាអនុញ្ញាតឱ្យប្រតិបត្តិករកំណត់រចនាសម្ព័ន្ធ រូបរាង និងអភិវឌ្ឍប្រព័ន្ធបន្ថែមទៀត ទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ។ 

ដ្រូន K-18J
ដ្រូន K-18J

ដ្រូនប្រភេទទី៣ គឺ JRV-02៖ ស្ថិតក្នុងត្រកូល JRV ដ្រូននេះបំពាក់ម៉ាស៊ីនយន្តហោះចម្បាំងភ្លោះ មានកម្លាំងបុក៩០០ញូតុន និងអាចហោះក្នុងល្បឿន៣៥០ណូត ឬប្រមាណ៦៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះបានកម្ពស់ដល់ទៅជាង៤៥០០ម៉ែត្រ។ សមត្ថភាពនេះ ធ្វើឱ្យវាអាចហោះត្រាប់តាមយន្តហោះចម្បាំង និងមីស៊ីលនាំផ្លូវបាន។ ចំណែកឯ ទី៤ គឺដ្រូន JRV-01 TE ដែលត្រូវបានកែច្នៃអភិវឌ្ឍចេញពីម៉ូដែលចាស់ JRV-01 ដោយប្តូរពីម៉ាស៊ីនយន្តហោះចម្បាំងតែមួយ ទៅបំពាក់ម៉ាស៊ីនយន្តហោះភ្លោះវិញ ធ្វើឱ្យវាអាចហោះបានក្នុងល្បឿន២៦០ណូត ឬប្រមាណ៤៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដ្រូនត្រកូល JRV ទាំង២នេះ ត្រូវបានបាញ់បង្ហោះដោយប្រើឧបករណ៍បាញ់ ដោយមិនចាំបាច់មានផ្លូវរត់ឡើយ និងត្រូវបានទម្លាក់ចុះមកវិញ ដោយប្រើឆត្រយោង ដើម្បីប្រើប្រាស់ឡើងវិញ បានច្រើនដង។ ដូច្នេះ យោធាកម្ពុជា គួរត្រៀមខ្លួនជ្រើសរើសអាវុធបាញ់កម្ទេចដ្រូនទាំង៤ប្រភេទនេះ ក្នុងករណីយោធាថៃ យកវាមកប្រើសម្រាប់ការឈ្លានពានដែនអធិបតេយ្យសាជាថ្មីនោះ?...៕

ដ្រូន JRV-02 
ដ្រូន JRV-02 
ដ្រូន JRV-01 TE
ដ្រូន JRV-01 TE
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត