ថៃ-សិង្ហបុរី បើកសមយុទ្ធគជសីហ៍ ហ្វឹកហ្វឺនដ្រូន រថពាសដែក និងក្បួនសឹកទ័ពព្រៃ ក្បែរព្រំដែនភូមា
ហៀប ស៊ីថេត
•
10 ម៉ោងមុន

រាជធានីបាងកក៖ កងទ័ពភូមិន្ទថៃ និងកងទ័ពសិង្ហបុរី បានបើកប្រតិបត្តិការហ្វឹកហ្វឺនយោធារួមគ្នា លើកទី២៨ មានឈ្មោះថា គជសីហ៍ ២០២៦ «KOCHA SINGA 2026» ជាផ្លូវការ នៅក្នុងខេត្តកញ្ចនបុរី ជាប់ព្រំដែនភូមា កាលពីថ្ងៃអង្គារទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ការហ្វឹកហ្វឺននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលរួមមាន៖ ក្បួននៃការរស់រានក្នុងព្រៃ, ប្រតិបត្តិការដ្រូន, យុទ្ធសាស្ត្ររថពាសដែក, ការប្រយុទ្ធក្នុងទីក្រុង, ការបាញ់កាំភ្លើងពិត, និងកីឡាប្រដាល់។ គួររំឭកថា សមយុទ្ធ គជសីហ៍ ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ១៩៩៧ ហើយត្រូវបានរៀបចំឡើងប្តូរវេនគ្នារវាងប្រទេសថៃ និងសិង្ហបុរី។ ការហ្វឹកហ្វឺនប្រចាំឆ្នាំនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធា លើកកម្ពស់សមត្ថភាពប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។ មេបញ្ជាការកងទ័ពភូមិន្ទថៃ លោក ផៈណា ក្លែវផ្លដធុក (พนา แคล้วปลอดทุกข์) មេបញ្ជា និងប្រធានកងទ័ពសិង្ហបុរី លោក ចៃ ដេស៊ាន (Cai Desian) បានដឹកនាំពិធីបើកសមយុទ្ធហ្វឹកហ្វឺនយោធារួមគ្នានេះ។

លោក ផៈណា ក្លែវផ្លដធូក (ឆ្វេង) និង លោក ចៃ ដេស៊ាន
លោក ផៈណា ក្លែវផ្លដធូក (ឆ្វេង) និង លោក ចៃ ដេស៊ាន

ការហ្វឹកហ្វឺនចែកជា២ដំណាក់កាលសំខាន់៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺការហ្វឹកហ្វឺនឆ្លងជំនាញ (Cross Training Exercise)។ មានន័យថា ភាគីទាំង២ ផ្លាស់ប្ដូរជំនាញគ្នា រួមមាន៖ ការរស់រានមានជីវិតក្នុងព្រៃ ការប្រយុទ្ធដោយដៃទទេ, ប្រតិបត្តិការយុទ្ធសាស្ត្រដោយប្រើដ្រូន, ប្រតិបត្តិការជាមួយរថពាសដែក, ការហ្វឹកហ្វឺនអាវុធ, ការប្រយុទ្ធក្នុងទីក្រុង, និងការបាញ់កាំភ្លើងពិត។ ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺការហ្វឹកហ្វឺនលើទីវាល ឬទីលានប្រយុទ្ធ។ ទាហានទាំង២ប្រទេសយកជំនាញដែលបានផ្លាស់ប្ដូរគ្នា ទៅអនុវត្តក្នុងប្រតិបត្តិការវាយលុករួមគ្នា ទាំងពេលយប់ និងពេលថ្ងៃ។

ទីតាំងនៃការហ្វឹកហ្វឺនឆ្នាំនេះ គឺខេត្តកញ្ចនបុរី ជាប់ព្រំដែនភាគខាងលិចរបស់ថៃជាមួយព្រំដែនភូមា សម្បូរទៅដោយព្រៃភ្នំច្រើន និងក្រាស់ៗ ខណៈតំបន់ព្រំដែនថៃ-ភូមា កំពុងកម្រើកឡើងដោយសារការប្រយុទ្ធគ្នា រវាងកងទ័ពភូមា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន។ គ្រាប់កាំភ្លើង និងគ្រាប់បែកផ្លោង បានហោះរំលងព្រំដែនចូលដីថៃ និងបានធ្វើឱ្យជនស៊ីវិលរងរបួស និងខូចខាតផ្ទះពលរដ្ឋយ៉ាងដំណំនៅស្រុកម៉ែសូត។ ទន្ទឹមគ្នា យន្តហោះយោធាភូមា បានទម្លាក់គ្រាប់បែកលើច្រកព្រំដែនទល់មុខនឹងកំពង់ផែម៉ែសាមឡែប នៃខេត្តម៉ែហុងសុនថែមទៀតផង។ យ៉ាងណា លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល បានត្រឹមស្រែកបង្អើលចាបហើរលើមេឃថា ថៃបាននិងកំពុងបង្កើនការល្បាត និងត្រៀមខ្លួនផ្នែកយោធា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ព្រំដែនដ៏ផុយស្រួយមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត