សម្រេចចិត្តដោយបំពានលើកម្ពុជាជាម្ចាស់! ថៃ ត្រៀមបើកប្រាសាទតាក្របី ស្វាគមន៍ភ្ញៀវទេសចរទៅលេង២ថ្ងៃ
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

បញ្ហាព្រំដែន៖ អាជ្ញាធរខេត្តសុរិន្ទ្រ កំពុងត្រៀមរៀបចំបើកប្រាសាទតាក្របី និងភ្នំ ៣៥០របស់កម្ពុជា ឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញ នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ដោយរំពឹងថា នឹងមានភ្ញៀវទេសចរប្រមាណ២០០០នាក់ក្នុងមួយថ្ងៃ។ ផែនការនេះ គឺជាការបំពានលើសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជា ជាម្ចាស់យ៉ាងជាក់ស្តែង។ 

លោក ផាត់ថៈណា ភឿងផុន (Phatthana Phuengphon) អភិបាលស្រុកភ្នំដងរែក (Phanom Dong Rak) បានដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទទី៩ ខែវិច្ឆិកា ជាមួយតំណាងភ្នាក់ងារទេសចរណ៍ អាជ្ញាធរមូលដ្ឋាន កងទ័ព នគរបាល និងថ្នាក់ដឹកនាំសហគមន៍ ដើម្បីរៀបចំព្រឹត្តិការណ៍បើកទស្សនារយៈពេល២ថ្ងៃនេះ។ ភាគីថៃបានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍ និងរុញច្រានសេដ្ឋកិច្ចមូលដ្ឋាន ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ និងពិព័ណ៌កាកបាទក្រហមខេត្តសុរិន្ទ្រ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា។ ការបើកឱ្យចូលទស្សនាឡើងវិញនេះ ក៏នឹងធ្វើឡើងទន្ទឹមគ្នានឹងកម្មវិធីទេសចរណ៍កីឡាក្នុងតំបន់ ដែលមានសកម្មភាពរត់ប្រណាំង និងជិះកង់ផងដែរ។

អាជ្ញាធរថៃ ក៏នឹងរៀបចំសេវាកម្មដឹកជញ្ជូន និងវិធានការសន្តិសុខ ដើម្បីសម្រួលដល់ការធ្វើដំណើរ។ សំបុត្រជិះរថយន្តទៅវិញទៅមកមានតម្លៃ១០០បាតក្នុងម្នាក់ ប៉ុន្តែកុមារ និងភ្ញៀវទេសចរវ័យចំណាស់ អាចប្រើប្រាស់សេវាកម្មនេះដោយឥតគិតថ្លៃ។ ជាមួយគ្នា មន្ត្រីជាង១៥០នាក់នឹងត្រូវពង្រាយនៅតាមផ្លូវ ដើម្បីផ្តល់សន្តិសុខ និងសម្រួលដល់ភ្ញៀវទេសចរ។ ជារបស់កម្ពុជា ដែលថៃធ្វើដូចជារបស់ខ្លួន! មិនថាផ្អែកលើកផែនទី ឬប្រវត្តិសាស្រ្តនោះទេ ប្រាសាទតាក្របី និងភ្នំ៣៥០ ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។ ក្នុងអំឡុងពេលបើកការវាយប្រហារលើកម្ពុជា២ដងក្នុងឆ្នាំ២០២៥ យោធាឈ្លានពានថៃ បានទម្លាក់គ្រាប់ធ្វើឱ្យប្រាសាទតាក្របីនេះ រងការខូចខាតយ៉ាងដំណំ ស្ទើរតែបាត់ទ្រង់ទ្រាយដើមទៅហើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត