
គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់ The Battle Of Kings បានឈានមកដល់ដំណាក់កាលកាន់តែស្វិតស្វាញ និងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតជម្រុះសន្សំពិន្ទុវិលជុំរវាងបេក្ខជនគុនខ្មែរ៤រូប បានជ្រុះសល់ត្រឹមជើងខ្លាំង២រូបចុងក្រោយប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ លក្ខខណ្ឌនៃការប្រកួតផ្តាច់ព្រ័ត្រ ដោយកីឡាករដើមកំណើតអាហ្វហ្កានីស្ថាន ទទួលបានសញ្ជាតិខ្មែរ ប៉ែនកាក់ យ៉ាស៊ីន អាចនឹងត្រូវតតាំងជាមួយ ហាន់ ពី រហូតដល់ទៅ២លើក ដើម្បីដណ្តើមតំណែងម្ចាស់ជើងឯក…។

នៅក្នុងរូបមន្តប្រកួតវិលជុំសន្សំពិន្ទុ (៣ប្រកួតដូចគ្នា) កន្លងមក គេបានរកឃើញបេក្ខជន២រូប ដែលត្រូវធ្លាក់ចេញពីការប្រកួតជាផ្លូវការ គឺ អ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន និង ធន់ ស៊ីហុង។ ក្នុងការប្រកួតចុងក្រោយ ធន់ ស៊ីហុង ដែលគ្មានពិន្ទុទាល់តែសោះ បានយកឈ្នះ វ៉ាន់ វឿន ត្រឹមទឹកទី២ ដោយទាញ វ៉ាន់ វឿន ធ្លាក់ចេញពីការប្រជែងដូចគ្នា បន្ទាប់ពីកីឡាករទាំងពីរបញ្ចប់ការប្រកួតដោយមានត្រឹម១ពិន្ទុក្នុងដៃស្មើគ្នា (ពីព្រោះប្រសិនបើ វ៉ាន់ វឿន ឈ្នះរូបគេនឹងមាន២ពិន្ទុ ដើម្បីឡើងទៅប្រជែងបន្ត)។

ដោយឡែក ស្ថានភាពតារាងពិន្ទុបច្ចុប្បន្ន ហាន់ ពី កំពុងឈរនៅកំពូលតារាងលេខ១ ដោយមាន ២ពិន្ទុ (ឆ្លងកាត់ ២ប្រកួត) ខណៈ ប៉ែនកាក់ យ៉ាស៊ីន ឈរនៅលេខ២ មាន ១ពិន្ទុ (ឆ្លងកាត់ ២ប្រកួត)។ ផ្អែកលើស្ថានភាពនេះ ការប្រកួតរវាងអ្នកទាំងពីរនាពេលខាងមុខ នឹងកំណត់ជោគវាសនាជើងឯកមាន២ករណី។ ករណីទី១ ប្រសិនបើ ហាន់ ពី ឈ្នះ អ្នកលេងក្បាច់គុនមកពីខេត្តបាត់ដំបងរូបនេះ នឹងទទួលបានពិន្ទុបន្ថែម ហើយក្លាយជាម្ចាស់ជើងឯក The Battle Of Kings ដោយស្វ័យប្រវត្តិ។ ករណីទី២ ប្រសិន ប៉ែនកាក់ យ៉ាស៊ីន ឈ្នះ រូបគេនឹងទទួលបានពិន្ទុឡើងទៅស្មើ២ពិន្ទុជាមួយ ហាន់ ពី។ ដូច្នេះ ស្ថាប័នរៀបចំការប្រកួតនឹងតម្រូវឱ្យអ្នកទាំងពីរជួបគ្នាមួយប្រកួតទៀត ជាការប្រកួតកាត់សេចក្តីលើកទី២ (Final Match) ដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ជើងឯកពិតប្រាកដ។

យ៉ាងណា ជំនួបដ៏ជក់ចិត្តរវាង ហាន់ ពី និង ប៉ែនកាក់ យ៉ាស៊ីន នៅតែស្ថិតក្នុងភាពស្រពេចស្រពិល និងត្រូវរង់ចាំនៅឡើយ ដ្បិតកីឡាករ ប៉ែនកាក់ យ៉ាស៊ីន កំពុងស្ថិតក្នុងដំណាក់កាលសម្រាកព្យាបាលរបួសភ្លាត់ឆ្អឹងត្រគាក ដែលកើតឡើងអំឡុងពេលហ្វឹកហាត់ ហើយរូបគេត្រូវរង់ចាំរហូតដល់ជាសះស្បើយពេញលេញ ទើបអាចវិលត្រឡប់មកប្រកួតតាមការកំណត់របស់កម្មវិធីវិញបាន។ ទោះជាយ៉ាងណា អ្នកគាំទ្រគុនខ្មែរនៅតែបន្តរង់ចាំមើលដោយអន្ទះសាថា តើ ហាន់ ពី អាចយកឈ្នះត្រឹមតែមួយលើក ដើម្បីលើកពាន និងគ្រងខ្សែក្រវាត់ ឬក៏ ប៉ែនកាក់ យ៉ាស៊ីន អាចជាសះស្បើយទាន់ពេល ហើយវាយបកយកឈ្នះ ដើម្បីបង្ខំឱ្យមានជំនួបកាត់សេចក្តីលើកទី២? ចម្លើយពិតប្រាកដនឹងត្រូវលាតត្រដាងនៅលើសង្វៀន បន្ទាប់ពីកីឡាកររូបនេះជាសះស្បើយពីរបួស៕





