
រាជធានីភ្នំពេញ៖ «ភូមិហ្វ្រង់កូហ្វូនី» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានបើកទទួលស្វាគមន៍តំណាង និងប្រមុខដឹកនាំមកពី៩០ប្រទេស នៅទូទាំងពិភពលោក ចូលទស្សនាប្រាសាទខ្មែរ មានដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមាន់ ជាដើម ដែលត្រូវបានសាងសង់ឡើងជារូបតំណាង រួមទាំងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ប្រពៃណីខ្មែរ សិល្បៈ និងសមិទ្ធផលសម័យទំនើបរបស់កម្ពុជា នៅក្នុងហ្វ្រង់កូហ្វូនីពិភពលោក...។

«ភូមិហ្វ្រង់កូហ្វូនី» ត្រូវបានបើកឱ្យថ្នាក់ដឹកនាំពិភពលោក ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកស្រី ល្វីស មូស៊ីកគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) នាព្រឹកថ្ងៃទី១៣វិច្ឆិកានេះ។ ក្រោយពិធីបើក សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងលោកស្រី ល្វីស មូស៊ីកគីវ៉ាបូ ក៏បានញ្ជើញទស្សនាស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ភូមិហ្វ្រង់កូហ្វូនី រៀបចំឡើងនៅសួនច្បារវត្តបទុមវតី គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកម្ពុជាជាប្រធានកិច្ចប្រជុំ និងជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍នេះ ជាទីតាំងបង្ហាញវប្បធម៌ដ៏សំខាន់ និងបើកចំហជូនថ្នាក់ដឹកនាំ សាធារណជន ចូលរួមទស្សនាដោយឥតគិតថ្លៃ និងមានការចូលរួមពីបណ្ដាប្រទេស និងរដ្ឋាភិបាលជាសមាជិកហ្វ្រង់កូហ្វូនី តាមរយៈស្តង់ពិព័រណ៍ សន្និសីទ ការសម្ដែងសិល្បៈ ការតាំងបង្ហាញ និងការបង្ហាញម្ហូបអាហារប្រពៃណីទំនៀមទម្លាប់របស់បណ្តាប្រទេសជាសមាជិក។ ព្រឹត្តិការណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងសិល្បៈរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ យ៉ាងណា មានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិជាច្រើន លើរូបសំណង់ប្រាសាទបុរាណខ្មែរ ដែលតំណាងប្រាសាទពិតជាក់ស្តែង កំពុងរងការខូចខាតយ៉ាងដំណំ ក្រោយការឈ្លានពានរបស់យោធាថៃ តាមរយៈការទម្លាក់គ្រាប់បែកពីលើយន្តហោះ F-16, Gripen និងការបាញ់បំផ្លាញដោយដៃយោធាថៃ៕








